បរទេស៖ ក្នុងចំណោមការបញ្ចេញមតិដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនពីសំណាក់លោក Andrea Agnelli ប្រធានក្លិប Juventus កាលពីពេលថ្មីៗនេះ ពាក្យសម្តីដ៏គួរឲ្យចាប់អារម្មណ៍បំផុតគឺការលើកឡើងថា ក្លិបដែលមានសិទ្ធិលេងក្នុងក្របខ័ណ្ឌ Champions League នឹងមិនត្រូវបានអនុញ្ញាតឲ្យទិញ ឬលក់កីឡាកររបស់ខ្លួនឲ្យគ្នាទៅវិញទៅមកឡើយ។
ក្នុងនាមជាប្រធានសមាគមក្លិបកីឡាបាល់ទាត់ទ្វីបអឺរ៉ុប លោក Agnelli គឺជាអ្នកដឹកនាំផែនការកំណែទម្រង់ក្របខ័ណ្ឌ Champions League ដោយផែនការនោះក៏និយាយពីគម្រោងនៃការបង្កើនក្រុមក្នុងវគ្គចែកពូលរហូតដល់ទៅ៣៦ផដែរ ដោយក្រុមនីមួយៗនឹងត្រូវលេងការប្រកួត១០លើក ជាមួយនឹងគូប្រកួតផ្សេងៗគ្នាចំនួន១០ តាមប្រព័ន្ធរូបមន្តរបស់ស្វ៊ីស។ ការពិភាក្សាលើកំណែទម្រង់ ត្រូវបានចាត់ទុកថា គឺជាការមូលមតិគ្នាមួយរវាងអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុ ដែលគេស្គាល់ថា UEFA និងក្លិបធំៗបំផុតរបស់ទ្វីបនេះ ខណៈដែលការពិភាក្សានេះ អាចនឹងប៉ះពាល់ដល់គម្រោងនៃការបង្កើតពាន Super League ប៉ុន្តែ នឹងពង្រឹទីតាំងរបស់ក្លិបធំៗកាន់តែរឹងមាំបន្ថែមទៀត។
Juventus របសលោក Agnelli គឺជាក្លិបមួយក្នុងចំណោមក្លិបយក្សទាំងនោះ ប៉ុន្តែ ពួកគេនឹងអវត្តមានក្នុងការចាប់ឆ្នោតសម្រាប់វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃនេះ ក្រោយពីធ្លាក់ចេញក្រោមស្នាដៃក្រុម Porto៕
ប្រភពព័ត៌មាន៖ Channel News Asia


