បរទេស៖ លោក Fernando Santos គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានបញ្ជាក់កាលពីថ្ងៃអង្គារថា ស្មារតីប្រកួតរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មិនបានរងនូវផលប៉ះពាល់ដោយសារតែការទទួលលទ្ធផលដ៏ខកចិត្តជាមួយនឹងក្លិប Juventus ឡើយ។

ក្រុមម្ចាស់ការពារតំណែងជើងឯកប្រចាំទ្វីបអឺរ៉ុប ព័រទុយហ្គាល់ នឹងត្រូវធ្វើការប្រកួតជម្រុះបើកឆាក សម្រាប់យុទ្ធនាការ World Cup ឆ្នាំ២០២២ ជាមួយនឹងក្រុមជម្រើសជាតិអាហ្សែបៃហ្សង់ នៅកីឡដ្ឋាន Juventus នាទីក្រុង Turin នៅរាត្រីនេះ ដោយសារតែការរិតត្បិតវិញការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា។ Ronaldo បានធ្លាក់ចូលក្នុងសម្ពាធដ៏ធំ នៅប្រទេសអ៊ីតាលី ក្រោយពីក្រុម Juventus បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Porto និងចាញ់ក្រោមស្នាដៃក្រុម Benevento កាលពីចុងសប្តាហ៍ថ្មីៗនេះ ខណៈដែលពួកគេដេញតាមពីក្រោយក្រុមកំពុងនាំមុខលើតារាងលីក Inter Milan រហូតដល់ទៅ១០ពិន្ទុ។ ដោយចាត់ទុកថា Ronaldo វ័យ៣៦ឆ្នាំ «គឺជាមិត្តដ៏ល្អម្នាក់» នោះ លោក Santos បានបញ្ជាក់ថា លោកបានរកឃើញថា កីឡាកររូបនេះ កំពុងតែស្ថិតក្នុងស្មារតីដ៏ល្អ។

លោក Santos វ័យ៦៦ឆ្នាំ បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងតែងតែមានភាពស្និទ្ធស្នាលនឹងគ្នា។ យើងជាមិត្តដ៏ល្អ ហើយទំនាក់ទំនងរបស់យើងមិនមែនត្រឹមតែជាគ្រូបង្វឹក និងកីឡាករឡើយ។ Ronaldo ពិតជាមានសមត្ថភាពដ៏អស្ចារ្យ ហើយរូបគេតែងតែបង្ហាញពីភាពរីករាយ ពេលរូបគេស្ថិតនៅជាមួយនឹងក្រុម»៕
ប្រភពព័ត៌មាន៖ Channel News Asia
