បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហូ​ឡង់ បាន​​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់ក្នុងលទ្ធ​ផល ៤-២ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​តួកគី ក្នុង​ការ​ប្រកួត​ជម្រុះបើក​ឆាក​នៃ​យុទ្ធ​នាការ World Cup ឆ្នាំ​២០២២ កាលពីថ្ងៃ​ពុធ ស្រប​ពេល​ដែល​ក្រុម​​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក បារាំង បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន បើ​ទោះ​បី​​ខ្សែ​ប្រយុទ្ធ Antoine Griezmann បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​ក៏ដោយ​។ ជាមួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក បាន​​វាយ​បក​តាមពីក្រោយ​ដើម្បី​ផ្តួល​ក្រុម Wales ក្នុងលទ្ធ​ផល ៣-១​។

ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប ព័រ​ទុយ​ហ្គាល់ បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អា​សែ​បៃ​ហ្សង់ ទាំង​ត្រដាប​ត្រដួស​ក្នុង​លទ្ធ​ផល ១-០ ប៉ុន្តែ ក្រុម​ម្ចាស់​ជើង​ឯក​រង World Cup ​ឆ្នាំ​២០១៨ ក្រូ​អាស៊ី បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ នៅលើ​ទឹកដីក្រុម​ស្លូ​វ៉េ​នី ខណៈ​ដែល​ពួក​គេ​បាន​ចាប់ផ្តើម​ប្រជែង​យក​កៅអី​ទៅកាន់​ជុំ​ផ្តាច់​ព្រ័ត្រ ក្នុង​ប្រទេស​កា​តា​។ នៅ​ទីក្រុង​ Istanbul ឯ​នោះ​វិញ តួក​គី បាន​នាំ​យក ៣-០ ភ្លាម​ៗ បន្ទាប់​ពី​​លេង​បាន​កន្លះ​ម៉ោង តាម​រយៈ​គ្រាប់​បាល់​២​គ្រាប់របស់​កីឡាករ Burak Yilmaz និង​១​គ្រាប់​ពី Hakan Calhanoglu ប៉ុន្តែ កីឡាករ​បម្រុង Davy Klaassen និង Luuk de Jong បាន​វាយ​បក​វិញ​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​ក្រុមហូ​ឡង់​របស់​លោក Frank de Boer​។

Yilmaz បាន​បំពេញ​ការ​រក​បាន​គ្រាប់បាល់​ទី​៣​របស់​គេ​តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ Free-kick ចូល​ទី​យ៉ាងល្អ ខណៈ​ដែល​តួក​គី ដណ្តើម​បាន​ជ័យ​​ជម្នះ​ដ៏សំខាន់ ក្នុង​ការ​ប្រកួត​រវាងក្រុម​ខ្លាំង​២ ដែលមាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​​ការ​ឆ្លង​ផុត​ពូល G​។ លោក De Boer បាន​ប្រាប់​ទូរ​ទស្សន៍ NOS TV ថា៖ «ពិត​ជា​លទ្ធផល​ដ៏​ខក​ចិត្ត​​មួយ ហើយ​ក៏​បង្ហាញពី​កម្រិត​លេង​របស់​យើង​ផង​​ដែរ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia