បរទេស៖ លោក Luis Enrique បាន​បញ្ជាក់​កាលពីថ្ងៃពុធថា ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ «ត្រូវ​​តែ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន​តាំង​ពី​នាទី​ដំបូង» ខណៈ​ដែលពួក​គេ​ចាប់​ផ្តើម​យុទ្ធនាការ​ជម្រុះ World Cup ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើការ​ប្រកួត​៣លើក​ជាមួយនឹង​ក្រុម​ដែលពួកគេ​ត្រូវ​បាន​រំពឹង​ទុក​ថា អាច​ផ្តួល​បាន​។

នៅ​មុន​ពេល​ការ​ប្រកួត​លើ​ទឹកដីខ្លួន​​ឯង​ជា​​មួយនឹងក្រុម​ជម្រើស​ជាតិក្រិក ក្នុង​ទីក្រុង Granada នៅ​​រាត្រី​នេះ គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​រូបនេះ បាន​​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖​«យើង​ត្រូ​វ​តែ​មានការ​ចង​ចាំ​ក្នុង​ចិត្ត​ថា នៅ​រាល់​ការ​ប្រកួត World Cup ​ទាំង​អស់ មាន​​ក្រុម​ជាច្រើន​ដែលមាន​កម្រិត​ស្មើ​យើង ប៉ុន្តែ មិន​បានឆ្លង​ផុត​វគ្គ​ជម្រុះ​។ យើង​នឹង​ធ្វើ​ការ​ងារ​ផ្ទះ​របស់​យើង ហើយ​និង​​ប្រឹង​​ឲ្យ​អស់​ពី​សមត្ថភាព​តាំង​ពី​នាទី​ដំបូង​​»​។ លោក Enrique បាន​ប្រាប់​បន្ត​ថា៖ «ថ្ងៃ​ស្អែក​នេះ គឺ​ជា​ថ្ងៃ​ដែល​ត្រូវ​ចង​ចាំ​​ពី​​ប្រភេទ​នៃ​យុទ្ធនា​ការ​ដែលយើង​កំពុង​តែ​ចាប់​ផ្តើម ប្រភេទ​ការ​ប្រកួត​ដែល​យើង​នឹង​លេង និង​​ផ្តោត​អារម្មណ៍​»​។

គ្រូបង្វឹក​រូបនេះ បាន​បញ្ជាក់​ថា ក្រុម​របស់​លោក និង​អ្នក​គាំទ្រ​គួរ​តែ​បំភ្លេច​ការ​ប្រកួត​លើក​ចុងក្រោយ​របស់​អេ​ស្ប៉ាញ នៅ​ក្នុង​យុទ្ធនាការ Nations League តាមរយៈ​ការ​លើក​ឡើង​ថា៖ «អ្នក​ដែល​គិត​ថា ការ​ផ្តួ​ល​ក្រុម​អាល្លឺ​ម៉ង់ ៦-០ នាំ​ឲ្យ​យើង​​ផ្តួល​ក្រុម​ក្រិក យ៉ាង​ងាយ​ស្រួល អ្នក​នោះ ស្គាល់​បាល់​ទាត់​តិច​តួច​​ពេក​ហើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia