បរទេស៖ ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic បាន​និយាយ​ថា រូប​គេ​​​មាន​អារម្មណ៍​ហាក់​​ដូច​ជា​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត​ជាលើក​ដំបូង​អ៊ី​ចឹង ខណៈ​ដែល​រូប​គេ​បាន​​ជួយ​ឲ្យ​ក្រុម​​របស់​គេ​រក​បាន​គ្រាប់​បាល់​កាត់​សេចក្តី​ ក្នុង​ការ​​បង្ហាញ​ខ្លួន​ជា​អន្តរ​ជាតិ​ជាលើក​ដំបូង​របស់​គេ ក្នុង​រយៈ​ពេល​ជិត​៥​ឆ្នាំ ក្នុង​ពេល​ផ្តួលក្រុម​ជម្រើស​ជាតិ​ហ្សក​ហ្ស៊ី ១-០ ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២២ កាលពីថ្ងៃ​ព្រហស្បតិ៍​។

Ibrahimovic វ័យ​៣៩​ឆ្នាំ បាន​លេង​ការ​ប្រកួត​​ចុងក្រោយ​របស់​ខ្លួន​សម្រាប់ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត នៅក្នុង​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០១៦ នៅ​​មុន​ពេល​​​ពាក់​អាវ​លឿង​​ដើម្បី​លេង​ឲ្យ​ប្រទេស​របស់​គេ​ម្តង​ទៀត​ជាលើក​ទី​១១៧ ក្នុងការ​ប្រកួត​បើកឆាក​នៃ​ពូល B របស់​ពួកគេ​។ កីឡាករ​ជើង​ចាស់​រូបនេះ បាន​ជួយ​ឲ្យ Viktor Claesson រក​បា​ន​គ្រាប់​បាល់​នៅ​តង់ទី១ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​ឈ្នះនៅ​ថ្ងៃ​​ប្រកួតជម្រុះ​បើកឆាក ក្នុង​ពូល​មួយ​ដែល​ក៏មាន​ក្រុម​អេ​ស្ប៉ាញ ក្រិក និង​កូសូ​វ៉ូ ផង​ដែរ​។

Ibrahimovic បាន​ប្រាប់​វិទ្យុ Sverige ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ល្អ​។ ខ្ញុំ​​មាន​អារម្មណ៍​ថា ហាក់ដូច​ជា​ការ​ប្រកួត​អន្តរ​ជាតិ​ជាលើក​ដំបូង​​របស់ខ្ញុំ​អ៊ី​ចឹង​។ ខ្ញុំ​ពិត​ជា​រំភើប​ណាស់​។ ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​បានល្អ​ប្រសើរ​ជាង​នេះ​ទៀត​។ ប៉ុន្តែ យើង​បាន​ឈ្នះ​ការ​ប្រកួត ហើយ​នោះ​គឺ​ជា​​លទ្ធ​ផល​ដ៏សំខាន់​បំផុត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia