បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះលើក្រុមជម្រើសជាតិអ៊ីស្លង់ ដោយងាយក្នុងលទ្ធផល ៣-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើឲ្យយុទ្ធនាការជម្រុះ World Cup រប់សពួកគេចាប់ផ្តើមយ៉ាងល្អ ក្រោយពីកីឡាកររបស់ពួកគេបានរៀបចំការធ្វើបាតុកម្មមួយនៅមុនពេលការប្រកួតដើម្បីបង្ហាញពីការតវ៉ាមួយស្តីពីសិទ្ធិមនុស្ស។
ក្រុមកីឡាកររបស់អាល្លឺម៉ង់ បានឈរតម្រៀបគ្នាជាជួរ នៅមុនពេលការប្រកួត ដោយបានពាក់អាវយឺតដែលមានអក្សរពណ៌ស និងផ្តុំគ្នាបានទៅជាពាក្យថា «HUMAN RIGHTS (សិទ្ធិមនុស្ស)»។ លោក Joachim Loew គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលបានគាំទ្រកាយវិការរបស់ក្រុមរបស់លោកនោះ បានឲ្យដឹងថា៖ «នេះគឺជាសញ្ញាមួយដែលត្រូវក្រោកឈរឡើងដើម្បីសិទ្ធិមនុស្សក្នុងពិភពលោក មិនថា នៅកន្លែងណាឡើយ និងសម្រាប់តម្លៃដែលយើងបង្ហាញ»។
នាការប្រកួតនៅថ្ងៃដដែលនេះ អតីតក្រុមម្ចាស់ជើងឯក អេស្ប៉ាញ បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិក្រិក ប៉ុន្តែ គ្រូបង្វឹករបស់ពួកគេគឺលោក Luis Enrique បានបញ្ជាក់ថា ក្រុមរបស់គួរតែដណ្តើមបានជ័យជម្នះ។ ក្នុងការប្រកួតជម្រុះ World Cup មួយគូទៀត ក្រុមជម្រើសជាតិអ៊ីតាលី បានផ្តួលក្រុមជម្រើសជាតិអៀរឡង់ខាងជើង ក្នុងលទ្ធផល ២-០ ដើម្បីចាប់ផ្តើមយុទ្ធនាការជម្រុះរបស់ខ្លួន៕
ប្រភពព័ត៌មាន៖ Channel News Asia


