បរទេស៖ ខ្សែប្រយុទ្ធ Harry Kane បានបញ្ចប់ការមិនអាចរកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិអង់គ្លេស ត្រឹម៦ប្រកួត ខណៈដែលរូបគេបានជួយឲ្យក្រុមរបស់ខ្លួន ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុមជម្រើសជាតិអាល់បានី ក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃអាទិត្យ។
ក្រុមរបស់លោក Gareth Southgate បានជួបការលំបាកក្នុងការបំបែកតំបន់ការពារដ៏រឹងមាំរបស់គូប្រកួតខ្លួន នៅមុនពេលតារាឆ្នើមរបស់ក្លិប Tottenham បានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅជិតបញ្ចប់តង់ទី១ នាកីឡដ្ឋាន Air Albania ក្នុងទីក្រុង Tirana។ នេះគឺជាគ្រាប់បាល់អន្តរជាតិជាលើកដំបូងរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បើគិតចាប់តាំងពីរូបគេបានស៊ុតបាល់បញ្ចូលទីពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិកូសូវ៉ូ កាលពី៥០០ថ្ងៃមុន ពោលគឺកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយពីវិលចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងវិញ បន្ទាប់ពីមិនត្រូវបានដាក់ឲ្យចូលលេងក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិសាំម៉ារ៉ាងក្នុងលទ្ធផល ៥-០ បច្ចុប្បន្ន Kane រកបាន៣៣គ្រាប់ ក្នុងការបង្ហាញខ្លួន៥២លើកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
Kane ក៏បានជួយឲ្យខ្សែបម្រើ Mason Mount រកបានគ្រាប់បាល់នៅតង់ទី២ផងដែរ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេស បានដណ្តើមជ័យជម្នះ២លើកពីការប្រកួតទាំង២លើកក្នុងពូល I ក្នុងដំណើរឆ្ពោះទៅកាន់ World Cup ឆ្នាំ២០២២ ក្នុងប្រទេសកាតា។ អង់គ្លេស នឹងត្រូវធ្វើការប្រកួតទី៣របស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិប៉ូឡូញ នៅកីឡដ្ឋាន Wembley នៅថ្ងៃពុធ ខណៈការចាប់អារម្មណ៍នឹងធ្លាក់ទៅលើ Kane និងខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich៕
ប្រភពព័ត៌មាន៖ Channel news Asia


