បរទេស៖ លោក Gareth Southgate បានដាស់​តឿន​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស កុំ​ឲ្យមើល​ស្រាល​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ក្នុង​ការ​ប្រកួត​ជម្រុះ World Cup នៅ​​រាត្រីនេះ ក្រោយពី​ខ្សែ​ប្រយុទ្ធ Robert Lewandowski របស់​ក្លិប Bayern Munich ត្រូវ​អវត្ត​មាន​ដោយ​សារ​តែ​របួស​ជង្គង់​។

Lewandowski ត្រូវ​បាន​ចាត់​ទុក​ថា ជា​ខ្សែ​ប្រយុទ្ធម្នាក់​ក្នុង​ចំណោមខ្សែ​ប្រយុទ្ធ​កំពូល​ៗ​របស់​ពិភព​លោក ហើយ​និង​បង្កើត​ឲ្យ​មាន​ការ​គំរាម​ដ៏​ធំមួយ​សម្រាប់​អង់គ្លេស​តាំង​ពី​នាទី​ដំបូង នៃ​ការ​ប្រកួត​ជម្រុះ​នេះ​។ ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេរបស់​ប៉ូឡូញរូប​នេះ នឹង​ត្រូវ​អវត្ត​​មាន​ក្នុងការ​ប្រកួត​ជម្រុះ​ពូល I នាកីឡដ្ឋាន Wembley ដោយ​សារ​តែ​របួ​ស​ជង្គង់ និង​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​អវត្ត​មាន​ពីការ​ប្រកួត​រយៈពេល​១​ខែ​។ កាន់​តែ​បន្ថែម​បញ្ហា​ដល់​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ទៅ​ទៀត កីឡាករ Mateusz Klich, Lukasz Skorupski, Kamil Piatkowski និង Grzegorz Krychowiak សុទ្ធ​សឹង​រក​ឃើញ​ថា មាន​វិជ្ជ​មាន​វីរុសកូរ៉ូ​ណា​។ ខ្សែ​បម្រើ Krychowiak ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូល​លេង ក្រោយពី​តេស្ត​ឃើញ​លទ្ធផល​អវិជ្ជ​មាន​​ជា​បន្ត​បន្ទាប់ កាលពីថ្ងៃ​អង្គារ​។

បញ្ហា​ទាំង​អស់​នេះ អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ចុះ​ខ្សោយ​ពេល​ប្រកួត​ជាមួយនឹង​អង់​គ្លេស ដែល​ជាក្រុម​មានក្តី​សង្ឃឹម​ខ្ពស់ក្នុងការ​ដណ្តើម​លេខ​១​ក្នុងពូល ក្រោយពី​បាន​យក​ឈ្នះលើ​ក្រុម​សាំង​ម៉ា​រ៉ាំង និង​អាល់​បានី ក្នុងការ​ប្រកួត​បើក​ឆាក​ទាំង​២លើក​។ ប៉ុន្តែ លោក Southgate បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន កាលពីថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​គិត​ថា ប៉ូឡូញ មាន​កីឡាករ​ឆ្នើម​ៗ​ជាច្រើន ហើយ​យើង​នឹង​ក្លាយ​ជា​មនុស្ស​ល្ងង់​ក្នុងការ​គិត​ថា ពួកគេ​មិន​សូវ​ខ្លាំង​នោះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia