បរទេស៖ កីឡាករបាល់ទាត់មីយ៉ាន់ម៉ាម្នាក់ ដែលលេងឲ្យក្លិបម៉ាឡេស៊ី បានរងពិន័យព្យួរ១ប្រកួត ក្រោយពីបានលើកម្រាមដៃ៣ ដូចទៅនឹងក្រុមបាតុករប្រឆាំងនឹងធ្វើរដ្ឋប្រហារ ក្នុងពេលកំពុងលេងនៅក្នុងការប្រកួតមួយ។
នេះបើយោងទៅតាមការបញ្ជាក់មន្ត្រីកីឡាម្នាក់កាលពីថ្ងៃអង្គារ។ កីឡាករ Hein Htet Aung ដែលលេងឲ្យក្លិបស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Selangor FC II បានបញ្ចេញកាយវិការទាក់ទងនឹងនយោបាយ អំឡុងពេលនៃការប្រកួតជាមួយនឹងក្រុម PDRM FC កាលពីដើមខែនេះ។ រូបភាពរបស់គេក្នុងពេលលើកម្រាមដៃ៣ បានបង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយគេបានរកឃើញថា កីឡាកររូបនេះ បានប្រព្រឹត្តល្មើសនឹងច្បាប់ហាមឃាត់តាមរយៈកាយវិការ ឬពាក្យសម្តី។ នេះបើយោងទៅតាមសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ដែលបានបន្ថែមទៀតថា ទង្វើបែបនេះ មិនមែនជាកាយវិការរបស់អ្នកកីឡាឡើយ។
Hein Htet Aung បានរងពិន័យមិនឲ្យលេង១ប្រកួត ក្នុងពេលក្រុមខ្លួនត្រូវប៉ះជាមួយនឹងក្រុម Perak FC II នៅថ្ងៃសុក្រ សប្តាហ៍នេះ ហើយអាចនឹងរងពិន័យធ្ងន់ធ្ងរជាងនេះ ប្រសិនបើរូបគេប្រព្រឹត្តល្មើសម្តងទៀត។ លោក Baljit Singh Sidhu ប្រធានគណៈកម្មាធិការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានប្រាប់ថា៖ «កីឡាបាល់ទាត់ត្រូវតែគ្មានការពាក់ព័ន្ធនឹងការរើសអើង សាសនា និងនយោបាយ»៕
ប្រភពព័ត៌មាន៖ Channel News Asia


