បរទេស៖ ភា្នក់​ងារ និង​ឪពុក​​ខ្សែ​ប្រយុទ្ធ  Erling Braut Haaland របស់​​ក្លិប Borussia Dortmund បាន​ទៅទស្ស​ន​កិច្ច​នៅ​ក្លិប Barcelona កាលពី​ថ្ងៃព្រសហ្បតិ៍ ដើម្បី​ជួប​ជាមួយនឹង​លោក Joan Laporta ដែល​ជា​ប្រធាន​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​ក្លិប​យក្ស​អេ​ស្ប៉ាញ​មួយនេះ​។

នេះ​បើយោង​ទៅ​តាម​ការ​ចេញផ្សាយ​របស់​​សារ​ព័ត៌​​មាន​ក្នុងស្រុក​។ កា​សែត​កីឡា​ប្រចាំ​ថ្ងៃ Sport ដែល​បាន​ចេញ​ផ្សាយ​រួម​ជាមួយនឹង​រូប​ភាព​របស់​លោក Mino Raiola ភ្នាក់​ងាររបស់​លោក Haaland និង​ឪពុក​របស់​គេ​លោក Alf-Inge Haaland បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​​នៃ​តំបន់ Catalonia​ បាន​សរសេរ​ថា៖ «ការ​ចាប់​​អារម្មណ៍​របស់​ Barca ទៅលើ​កីឡាករ​រូបនេះ ត្រូវ​បាន​បញ្ជាក់នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ហើយពួក​គេ​នឹង​​ដាក់​សំណើ​ដេញ​ថ្លៃ​»​។ បើ​​យោង​ទៅ​តាម​កា​សែត​ដដែល លោក Raiola ដែល​ក៏​ជា​ភ្នាក់​ងារ​របស់ Paul Pogba និង Zlatan Ibrahimovic ដែរ​នោះ និង​លោក Alf-Inge បាន​រៀប​ចំ​ការ​ពិភាក្សា​គ្នា​ជាមួយនឹង​លោក Laporta និង​លោក Mateu Alemany ប្រធានផ្នែកកីឡា​របស់​ក្លិប Barcelona​។

កា​សែត Sport បាន​ចេញផ្សាយ​ថា៖ «ទាំង​លោក Raiola និង​ឪពុក​របស់ Haaland ហាក់ដូច​ជា​បើក​ចំហរ​ឲ្យ​មាន​ការ​ផ្ទេរ​ទៅកាន់​ក្លិប  Barca ទោះ​បី​ជា​​ភាគី​ទាំង​អស់​នឹង​ផ្អែក​ទៅលើ​តម្លៃ​ចុងក្រោយ​ដែលក្លិប Borussia Dortmund នឹង​ដាក់​លើ​តារាឆ្នើម​អន្តរ​ជាតិ​ន័រ​វេស​រូបនេះ​​ក៏ដោយ​»​។ Haaland វ័យ​២០​ឆ្នាំ គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​នេះ តាមរយៈ​ការ​រក​បាន​១០​គ្រាប់​។ រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់ទៅ​៤៩​គ្រាប់ ​​សម្រាប់​ក្លិប Dortmund បើ​គិត​ចាប់​​តាំង​ពីផ្ទេរ​មកពីក្លិប Salzburg កាលពី​ខែមករា ឆ្នាំមុន​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia