បរទេស៖ Schalke 04 ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Bundesliga ជាលើកដំបូង ក្នុងរយៈពេល៣៣ឆ្នាំ កាលពីថ្ងៃអង្គារ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុមស្ថិតក្នុងតំបន់កាត់ចោលដូចគ្នា Arminia Bielefeld ខណៈដែលលទ្ធផលនេះ បានធ្វើឲ្យពួកគេរក្សាស្ថិតនៅបាតតារាង និងដេញតាមពីក្រោយក្រុមដែលមានសិទ្ធិឈ្នះកៅអីទៅប្រកួតជម្រុះ Playoff ១៣ពិន្ទុ ខណៈដែលនៅសល់ការប្រកួតតែ៤លើកទៀតប៉ុណ្ណោះ។
គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទី ទី៥០របស់កីឡាករ Fabian Klos បានបំពេញជោគវាសនារបស់ក្រុម Schalke តែម្តង ក្រោយពីពួកគេបានទទួលជ័យជម្នះត្រឹមតែ២លើកគត់ ក្នុងរដូវកាលទាំងមូលនេះ។ ក្រុម Schalke បានបង្ហាញពីទម្រង់លេងដ៏ត្រដាបត្រដួសមួយផ្សេងទៀត ពោលគឺមិនមានភាពមុតស្រួចសោះ។ ក្រុមភ្ញៀវ Schalke ត្រូវបានកាត់បន្ថយឲ្យនៅសល់សមាជិកត្រឹមតែ១០នាក់ប៉ុណ្ណោះ នៅពេលដែលកីឡាករ Malick Thiaw បានរងពិន័យកាតលឿងជាលើកទី២ នៅនាទី ទី៧១ ហើយអ្នកចាំទី Ralf Faehrmann ត្រូវតែសង្គ្រោះបាល់ប៉េណាល់ទី នៅនាទី ទី៨០។
ក្នុងពេលសំឡេកញ្ចែចុងក្រោយត្រូវបានបន្លឺឡើង កីឡាកររបស់ Schalke បានបង្ហូរទឹកភ្នែក ហើយកីឡាករខ្លះស្ថិតក្នុងទឹកមុខយ៉ាងសោកសៅ និងស្រឡាំងកាំង។ លោក Dimitrios Grammozis គ្រូបង្វឹករបស់ក្រុម Schalke ដែលបានចូលកាន់តំណែងកាលពីខែមុន បានឲ្យដឹងថា៖ «នេះគឺជាពេលវេលាដ៏ជូរចត់សម្រាប់អ្នកគាំទ្រ Schalke»៕
ប្រភពព័ត៌មាន៖ Channel News Asia