បរទេស៖ អតីតប្រធានក្រុម Man Utd លោក Roy Keane មិនចង់អោយក្លឹបបន្តកុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Edinson Cavani ឡើយ។

ខ្សែប្រយុទ្ធអន្តរអ៊ុយរូហ្គាយវ័យ៣៤រូបនេះបានបង្ហាញទម្រង់អោយក្រុមរបស់លោក Ole Gunnar Solskjaer បានយ៉ាងល្អ ដោយរូបគេអាចរកបាន១២គ្រាប់ និង Assists ចំនួន៥ដង ក្នុងការបង្ហាញខ្លួនត្រឹមតែ៣៣ដងប៉ុណ្ណោះ។ Man Utd កំពុងតែមានគម្រោងក្នុងការបន្តកុងត្រាអោយកីឡាកររូបនេះ១ឆ្នាំទៀត ខណៈសមីខ្លួនផ្ទាល់កំពុងតែមានការស្ទាក់ស្ទើរ ដោយរូបគេចង់ទៅលេងនៅស្រុកកំណើតវិញ ដើម្បីនៅជិតគ្រួសារ។

ទោះបីជាយ៉ាងបើយោងទៅតាមសារព័ត៍មានពីពេលថ្មីៗនេះបានអោយដឹងថា Cavani បានសម្រេចចិត្តហើយថារូបគេនឹងយល់ព្រមចុះកុងត្រាមួយឆ្នាំទៀតជាមួយនឹង Man Utd ប៉ុន្តែ Roy Keane បានចេញមកទទួចថាក្លឹបគួរតែស្វែករកកីឡាករថ្មីមកជំនួសល្អជាង។ Roy Keane បាននិយាយថា «ខ្ញុំសង្ឃឹមថាពួកគេនឹងមិនរក្សាគាត់ (Cavani) ទេ, ពីព្រោះគាត់អាយុ៣៤ឆ្នាំហើយ ប្រសិនបើអ្នកគិតថាចង់រក្សា Cavani នៅទីនេះមួយរដូវកាលទៀត ហើយចង់ធ្វើអោយ Man Utd ត្រលប់ទៅរកការឈ្នះពានលីគសារជាថ្មីនោះ អ្នកគួរតែបំភ្លេចវាទៅ។ គាត់អាចនឹងក្លាយជាកីឡាករខ្សែប្រយុទ្ធជម្រើសទី២ ប៉ុន្តែគាត់មិនចង់ធ្វើជាជម្រើសទី២ទេ ដែលវាជាមូលហេតុដែលគាត់មានការស្ទាក់ស្ទើរ ហើយក៏លើកហេតុផលអំពីបញ្ហាគ្រួសារ»។ ក្រោយពីនិយាយពាក្យទាំងនេះ Keane ក៏បានអោយដឹងថាគាត់ចង់ឃើញខ្សែប្រយុទ្ធ Harry Kane មកកាន់ទឹកដី Old Trafford នៅរដូវកាលក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole