បរទេស៖ Sapir Berman បានបង្កើតប្រវត្តិសាស្ត្រក្នុងកីឡា កាលពីថ្ងៃចន្ទ តាមរយៈការដើរតួនាទីជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួតកីឡាបាល់ទាត់នៃក្របខ័ណ្ឌ Premier League របស់អ៊ីស្រាអែល ជាលើកដំបូង បើគិតចាប់តាំងពីចូលរួមក្នុងនាមជាអ្នកកែភេទ។
ស្របពេលដែលនាងបានដើរចូលទីលាន ដើម្បីកាត់សេចក្តីក្នុងការប្រកួតរវាងក្រុម Beitar Jerusalem និង Hapoel Haifa សហព័ន្ធកីឡាបាល់ទាត់អ៊ីស្រាអែល បានសរសេរលើបណ្តាញសង្គម Twitter ថា៖ «នេះគឺជាការបោះជំហានទី១ ក្នុងដំណើរដ៏ឆ្ងាយ និងអស្ចារ្យ។ Sapir យើងពិតជាមានមោទនភាពណាស់ដែលធ្វើការជាមួយអ្នក។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ សប្តាហ៍មុន ដែលក្នុងពេលនោះ នាងបានប្រកាសពីការប្តូរភេទរបស់នាងក្នុងវ័យ២៦ឆ្នាំ ខណៈដែលនាងគឺជាអាជ្ញាកណ្តាលដ៏ឆ្នើមម្នាក់ក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់អ៊ីស្រាអែល។ ជាមួយគ្នានេះ នាងបានបញ្ជាក់ថា នាងតែងតែចាត់ទុកខ្លួនឯងជាមនុស្សស្រី តាំងពីកុមារភាពមកម្ល៉េះ៕
ប្រភពព័ត៌មាន៖ Channel News Asia


