បរទេស៖ ក្លិប Sporting Lisbon បាន​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​របស់​ព័រ​ទុយ​ហ្គាល់ ជាលើក​ទី​១ ក្នុង​រយៈពេល​ជិត​២​ទសវត្សរ៍ កាលពីថ្ងៃ​អង្គារ​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធ​ផល ១-០ លើក្រុម Boavista នាកីឡដ្ឋាន Jose Alvalade របស់​ពួក​គេ បាន​ជួយ​ឲ្យ Sporting ឈ្នះ​ពាន​ជាលើក​ទី​១៩ ខណៈ​ដែលការ​ឈ្នះពាន​ជាលើកចុងក្រោយ​របស់​ពួកគេ បាន​កើត​ឡើង​ចាប់​តាំងពីឆ្នាំ​២០០២ មកម្ល៉េះ​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​នៅនាទី ទី​៣៦​របស់ Paulinho​ បាន​ជួយ​ឲ្យ​ក្រុម Sporting មានពិន្ទុ​នាំមុខ​ដាច់​លើក្រុម Porto ក្នុងការ​ប្រកួត​មួយ​ដែលត្រូវ​បានលេង​នៅ​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា ដោយ​សារ​តែ​ការ​ឆ្លង​រាត​ត្បាត​របស់​វីរុសកូវីដ ១៩​។ ការ​អប​អរ​របស់ Sporting ត្រូវ​បាន​ពន្យារ​ពេល២៤ម៉ោង ក្រោយពី Porto បាន​រក្សា​ក្តី​សង្ឃឹម​របស់​ខ្លួន ក្រោយពី​បានយកឈ្នះលើ​​ក្រុម Farense ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃ​ចន្ទ​។ ពួក​គេ​បាន​ឈ្នះ​ពានលីក​ព័រ​ទុ​យ​ហ្គាល់ ក្រោយពី​បាន​នាំមុខ​៨ពិន្ទុ​ល​លើ​ក្រុម Porto រួម​​ទាំង​កំណត់ត្រានៃការមិនស្គាល់​ចាញ់​សោះ​។

បើ​ទោះ​បី​មាន​ការ​អំពាវនាវ​ពីក្រុមអាជ្ញាធរ ឲ្យ​គោរពច្បាប់​រក្សាគម្លាត​ក្នុង​សង្គម​ក៏ដោយ ប៉ុន្តែ អ្នក​គាំទ្រ​រាប់​ពាន់​នាក់ បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន Sporting តាំងពី​មុន​ពេល​ចាប់​ផ្តើម​ប្រកួត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia