បរទេស៖ កីឡាករ Antonio Valencia ទីបំផុតបានសម្រេចចិត្តព្យួរស្បែកជើងរបស់ខ្លួនដើម្បីចូលនិវត្តពីអាជីពបាល់ទាត់ជាផ្លូវការណ៏ ហើយ។ ខ្សែការពារស្លាបស្តាំវ័យ ៣៥ ឆ្នាំដែលចូលលេងអោយក្រុមជម្រើសជាតិអេក្វាឌ័របាន ៩៨ ដងបានប្រកាសពីការសម្រេចចិត្តមួយនេះ កាលពីថ្ងៃពុធនៅឯសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអតីតក្លិប Querétaro ។
នៅក្នុងសន្និសីទកាសែតអតីតកីឡាករក្រុមMan.Utd បាននិយាយថាៈខ្ញុំមិនបានគិតថាពេលវេលានេះនឹងកើតឡើងយ៉ាងលឿននោះទេប៉ុន្តែរាងកាយនិងជង្គង់របស់ខ្ញុំបានស្នើសុំឱ្យខ្ញុំធ្វើការសម្រេចចិត្តបែបនេះ ។វាគឺជាការសំរេចចិត្តដ៏លំបាក និង ជារឿងគួរអោយសោកស្តាយណាស់។
អតីតកីឡាករ Wigan និង Valencia ធ្លាប់បានចំណាយពេលច្រើនក្នុងអាជីពរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេសពោលគឺ នៅចន្លោះឆ្នាំ ២០០៩ និង ២០១៩ ក្រោយចាកចេញពីWigan មកកាន់ទឹកដីOld Trafford ជំនាន់គ្រូតាSir Alex Ferguson រូបគេបានដើរតួជាផ្នែកមួយដ៏សំខាន់ដែលជួយអោយបិសាចក្រហម Man. Utd ឈ្នះ ជើងឯកអង់គ្លេសចំនួន ២ដង និង Europa League ១លើកផងដែរ៕
ប្រភពព័ត៍មាន៖ Transfermarket