បរទេស៖ លោក Hansi Flick គ្រូបង្វឹក​របស់ក្លិប Bayern Munich នឹង​ចូលកាន់​តំណែង​ជំនួស​កន្លែង​​លោក Joachim Low ដែល​ជា​អតីត​ប្រធាន​របស់​លោក ក្នុង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិអាល្លឺ​ម៉ង់ បន្ទាប់​ពី​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០​។ នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់​សហ​ព័ន្ធកីឡា​បាល់ទាត់​អាល្លឺ​ម៉ង់ (DFB) កាលពីថ្ងៃ​អង្គារ​។

ក្រោយពី​បាន​ចុះ​កិច្ច​សន្យារយៈពេល​៣​ឆ្នាំ ដើម្បី​ជំនួស​កន្លែង​របស់​លោក Loew​ លោក Flick វ័យ​៥៦​ឆ្នាំ បាន​ឲ្យដឹងថា​៖ «អ្វី​ៗ​ពិត​ជា​ដំណើរ​ការ​រហ័ស និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ ខ្ញុំ​ពិត​ជា​រីក​រាយ​ក្នុងការក្លាយ​ជា​គ្រូបង្វឹក​​របស់​ក្រុម​ជម្រើស​ជាតិអាល្លឺ​ម៉ង់ ចាប់​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ត​ទៅ​។ ខ្ញុំ​ពិត​ជា​រំភើប​ណាស់ ពីព្រោះ​ខ្ញុំ​ឃើញ​ពី​កម្រិត​របស់​កីឡាករ ហើយ​ជាពិសេស​កីឡាករ​វ័យក្មេង ដែលយើង​មានក្នុងក្រុម​ជម្រើស​ជាតិអាល្លឺ​ម៉ង់​»​។

លោក Flick ដែលធ្លាប់​មាន​តួនាទី​ជា​គ្រូបង្វឹក​ជំនួយ​របស់​លោក Low ពេល​អាល្លឺ​ម៉ង់ បាន​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៤​នោះ បាន​ក្លាយ​ជា​បេក្ខ​ភាព​ឈាន​មុខ​គេ​ក្នុង​​ការ​ចូលកាន់​តំណែង​លោក Loew ជាយូរ​មក​ហើយ បន្ទាប់​ពី​លោក Loew ចាក​ចេញពី​ការ​ងារ​របស់​លោក បន្ទាប់​ពី​កាន់​តំណែង​បាន​រយៈពេល​១៥​ឆ្នាំ នៅត្រឹម​ចុងឆ្នាំនេះ​។ លោក Oliver Bierhoff ប្រធាន​ក្រុម​ជម្រើស​ជាតិអាល្លឺ​ម៉ង់ បាន​ឲ្យដឹងថា៖ «គាត់​ជា​បេក្ខ​ភាព​ឈាន​មុខ​គេ​​តាំងពី​ដើម​មក​ម្ល៉េះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia