បរទេស៖ ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០​ នឹង​បើក​ទំព័រ​​ប្រវត្តិ​សាស្ត្រ​ថ្មី នា​សប្តាហ៍​ក្រោយ​នេះ នៅពេល​ដែលការ​ប្រកួត​នានា​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​ប្រទេស​ចំនួន​១១ ជាលើក​ដំបូង​ក្នុង​យុទ្ធនា​ការកីឡា​បាល់​ទាត់​​ប្រចាំ​ទ្វីប​អឺ​រ៉ុប​មួយនេះ​។

ស្រប​ពេល​ជាមួយគ្នា​នេះ មានក្រុម​ខ្លាំង​ៗ​ជា​ច្រើន ដែល​ត្រូវ​បាន​គេ​រំពឹង​ទុកថា មានក្តីសង្ឃឹមខ្ពស់​ក្នុងការលើកពាន​។ ក្រុម​ជម្រើសជាតិ​បារាំង បែលហ្ស៊ិក អង់គ្លេស និង​ព័រ​ទុយ​ហ្គាល់ សុទ្ធ​សឹង​ជាក្រុម​មានក្តីសង្ឃឹម​ខ្ពស់​ក្នុង​ការលើក​​ពាន ប៉ុន្តែ ក្រុម​ផ្សេង​​ទៀត ក៏មិន​អាចមើល​រំលង​បាន​ដែរ ក្នុង​នោះ រួម​ទាំង​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង​អាល្លឺម៉ង់ ផងដែរ​។ មាន​ពូល​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំនេះ ខណៈ​ដែលពូល F ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ពូល​មរណៈ ដោយ​សារ​តែ​ពូល​នេះមាន ក្រុមជម្រើស​ជាតិ​​បារាំង អាល្លឺ​ម៉ង់ និងម្ចាស់​ការ​ពារ​ជើង​​ឯក​ព័រ​ទុយ​ហ្គាល់​។

ប៉ុន្តែ ពូល A ក៏​ប្រជុំដោយ​ក្រុមខ្លាំង​ៗ​ផង​ដែរ ដោយមាន​អ៊ីតាលី ស្វ៊ីស តួកគី និង​វេលស៍​ ហើយ​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ត្រូវ​បាន​ចាត់ទុក​ថា ជាក្រុមមានក្តីសង្ឃឹម​ខ្ពស់ក្នុងការ​ឆ្លង​ផុត​វគ្គ​ចែកពូល​របស់​ខ្លួន​ បើ​ទោះ​បីក្រុម​៣​ផ្សេង​ទៀត អាច​នឹង​បង្កើត​ភាព​ភ្ញាក់ផ្អើល​ក៏ដោយ​៕