បរទេស៖ ក្រុមយុវជនះអាល្លឺម៉ង់ បានឈ្នះពាន Under-21 European Championship (U-21 Euro) ជាលើកទី៣ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី២របស់កីឡាករ Lukas Nmecha បានជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជ្នះក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Ljubljana កាលពីថ្ងៃអាទិត្យ។

គ្រាប់បាល់តែ១គ្រាប់នោះ បានកើតឡើង ក្រោយពីលេងបានត្រឹមតែ៤នាទីក្នុងតង់ទី២ ក្នុងរដ្ឋធានីរបស់ស្លូវ៉េនីខណៈដែលកីឡាករ Ridle Baku បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Nmecha ហើយការស៊ុតបាល់របស់ខ្សែប្រយុទ្ធរូបនេះ ក៏ចូលទីរបស់អ្នកចាំទី Diogo Costa តែម្តង។ ខ្សែប្រយុទ្ធ Nmecha វ័យ២២ឆ្នាំ គឺជាកីឡាកររបស់ក្លិប Manchester City ប៉ុន្តែ បានស្ថិតជាកីឡាករកម្ចីរបស់ក្លិបជាច្រើន ហើយរូបគេកំពុងតែជួបពេលវេលាដ៏រីករាយជាមួយនឹងក្លិប Anderlecht របស់បែលហ្ស៊ិក។

Florian Wirtz តារាឆ្នើមរបស់ក្លិប Bayer Leverkusen និងបានស៊ុតបាល់បញ្ចូលទីក្នុងពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ ផ្តួលក្រុមជម្រើសជាតិហូឡង់ ២-១ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ក៏បានស៊ុតបាល់ប៉ះទៅនឹងរបារទីក្នុងតង់ទី១ផងដែរ។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានឈ្នះពាន Euro Under-21 ក្នុងឆ្នាំ២០០៩ និង២០១៧ នៅមុនពេលចាញ់ក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងយុទ្ធនាការចុងក្រោយ ក្នុងប្រទេសអ៊ីតាលីឆ្នាំ២០១៩៕
ប្រភពព័ត៌មាន៖ Channel News Asia
