បរទេស៖ ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ស៊ី​រី បាន​ចូល​រួម​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្នុង​ការ​ប្រកួត​ជុំ​ទី​៣​នៃ​ជម្រុះ World Cup ក្នុង​តំបន់​អាស៊ី ក្រោយពី​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​របស់​​កីឡាករ Mardak Mardikian នៅតង់​ទី​១ បាន​ជួយ​ឲ្យ​ពួក​គេ​ផ្តួលក្រុម​ជម្រើស​ជាតិហ្គាម ក្នុងលទ្ធផល ៣-០ និង​ដើម្បីមាន​សុវត្ថិភាព​​ក្នុង​ការ​ឡើង​ឈរ​លើ​កំពូល​តារាង​នៃពូល A កាលពីថ្ងៃចន្ទ​។

ការ​ដណ្តើម​បានជ័យជម្នះ​៧​លើក​ពីការ​ប្រកួត​ទាំង៧​លើក​របស់ស៊ីរី បាន​ជួយ​ឲ្យ​ពួកគេ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ទាំង​១២​ដែល​ត្រូវ​ប្រជែង​ក្នុង​ជុំ​បន្ទាប់​នៃ​យុទ្ធ​នា​ការ​ជម្រុះ ដើម្បីដណ្តើម​យក​កៅអី​ចំនួន​៤​ពី​ក្នុង​តំប់​អាស៊ី សម្រាប់ World Cup នៅ​ឆ្នាំក្រោយ នៅ​កាតា​។ ក្រុម​ទី​៥ពី​ទ្វីប​អាស៊ី​នេះ អាចប្រជែង​យកកៅអី​​មួយ​ទៀត​តាម​រយៈ​ការ​ប្រកួត​ Playoff អន្តរ​ទ្វីប​។ ក្នុង​ពូល A នេះ​ផងដែរ ក្រុម​ជម្រើស​ជាតិ​ចិន បានផ្តួលក្រុមជម្រើស​ជាតិ​ហ្វីលីពីន ២-០ ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​ជាលើក​ទី​៤​របស់​ពួក​គេ ក្នុង​ចំណោម​៦​ប្រកួត ប៉ុន្តែ ពួកគេ​ដេញតាមពីក្រោយ​ក្រុម​ស៊ី​រី ដល់ទៅ​៨ពិន្ទុ និង​ត្រឹម​តែ​អាចមាន​សង្ឃឹម​​ទៅ​វគ្គ​បន្ត​ក្នុងនាម​ជា​ក្រុម​មួយ​​ក្នុង​ចំណោម​ក្រុម​លេខ​២​ទាំង​៤ក្រុម​ដែលមានពិន្ទុ​ខ្ពស់​ជាង​គេ​ប៉ុណ្ណោះ​។

ក្នុង​ការ​ប្រកួត​ពូល C វិញ អ៊ី​រ៉ាក់​ បានផ្តួល​ក្រុម​ជម្រើស​ជាតិកម្ពុជា ៤-១ ដើម្បី​ឡើង​ឈរ​លើ​កំពូល​​តារាង ដោយមាន​១៤ពិន្ទុ ពីការ​ប្រកួត​៦​លើក ស្រប​ពេល​ដែល​អ៊ី​រ៉ង់ បានផ្តួល​ក្រុម​ជម្រើស​ជាតិ​បា​រ៉ែន ៣-០ ដើម្បី​ឡើង​ឈរលេខ​២ ដោយ​ដេញតាមពីក្រោយ​ក្រុម​លេខ​១ ចំនួន​២ពិន្ទុ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia