សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និងដៃ​គូសហការ​ដ៏សំខាន់​របស់​ខ្លួន គឺ​​សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា​ (Cambodia ​Cycling Academy) ប្រចាំ​នៅ​ប្រទេស​បារាំង បានឯក​ភាព​គ្នា​រួច​ហើយ​ថា នឹងដាក់​​​​បញ្ចូល​កីឡាករ​កូនកាត់​ខ្មែរ-អាមេរិក ១រូប ​ឱ្យ​ហ្វឹក​ហាត់ជាមួយ​ក្រុម​ប្រណាំង​កង់ជម្រើសជាតិ​​កម្ពុជា​ទាំង​៣​នាក់ និង​​គ្រូ​បង្វឹក លោក ខ្លួត​ ករណី ដើម្បី​ត្រៀម​ការ​ប្រកួត​លើ​វិញ្ញាសាជា​ក្រុម នៅ​ស៊ីហ្គេម ប្រទេស​វៀតណាម ចុងឆ្នាំ​២០២១​នេះ។

គិត​មក​ដល់​ពេល​នេះ កីឡាករ​ប្រណាំង​កង់ជម្រើសជាតិ​កម្ពុជា ទាំង​៣​នាក់ និងគ្រូ​បង្វឹក​លោក ខ្លូត ករណី បាន​នឹងកំពុង​ហ្វឹក​ហាត់ នៅ​ប្រទេស​បារាំង ក្រោមការ​រាប់រង់​ទាំង​ស្រុងរបស់ សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា​ ​ប្រចាំនៅ​ប្រទេស​បារាំង ប៉ុន្តែ​ដោយសារការ​ហ្វឹក​ហាត់នេះ បាន​បង្វែ​ទៅ​លើ​ការ​ប្រកួត​ជា​ក្រុម​ ហេតុ​នេះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា​ ដែល​មាន​លោកស្រី ប៉ែន ស្រីមុំ ជា​ប្រធាន បាន​សម្រេច​នាំ​យក​​កីឡាករ​កូនកាត់ខ្មែរ-អាមេរិក ចនី ផាន់ មក​ហ្វឹក​ហាត់ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែរ ដោយ​រូបគេ​នឹង​មក​ចូល​រួម​នៅ​ខែ​ក្រោយ​នេះ។

លោក នូ ចំរើន អគ្គ​លេខាធិការសហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​​ប្រាប់​ថា កីឡាករ​កូន​កាត់ខ្មែរ-អាមេរិក ចនី​ ផាន់ នឹង​ត្រូវ​ដាក់​បញ្ចូល​ឱ្យ​ហ្វឹក​ហាត់ជាមួយ​ក្រុម​ប្រណាំង​កង់ជម្រើសជាតិកម្ពុជា នៅ​ប្រទេស​បារាំង នា​ខែ​ក្រោយ​នេះ ​ដើម្បី​សម្រួច​ការ​ប្រកួត​លើ​វិញ្ញាសា​ក្រុម ​​ចម្ងាយ​ ១៥០ ​គីឡូម៉ែត្រ​ ឬ​ ១៧០ ​គីឡូម៉ែត្រ​ សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី ​៣១ នៅ​ប្រទេស​​វៀតណាម ចុងឆ្នាំ​នេះ។​

លោក​បាន​​ប្រាប់បន្ថែម​​ថា​៖ «​ការ​ហ្វឹក​ហាត់​ នៅ​ប្រទេសបារាំង​នេះ សហព័ន្ធ​ និង​ សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា​ បាន​ឯក​ភាព​គ្នា​​ហ្វឹក​ហាត់​សម្រួច​លើ​វិញ្ញាសា​ជា​ក្រុម​ ដែល​តម្រូវឱ្យមាន​កីឡាករ​ ៤​ នាក់ ​ឬ ​៥ ​នាក់​ អ៊ីចឹង​​​បើ​គិត​តាម​បច្ចេក​ទេស ​យើង​ត្រូវ​បញ្ជូន​អត្តពលិក​ជា​ដៃ​គូ​ហ្វឹក​ហាត់​ម្នាក់​ទៀត​ឈ្មោះ​ កីឡាករ ​ចនី ​ផាន់ ​ជាកូន​កាត់​ខ្មែរ-​អាមេរិក ​ទៅ​ហ្វឹក​ហាត់​ជា​មួយក្រុម​ជម្រើសជាតិ​​របស់​យើង ​​ដើម្បី​ឱ្យ​សម​ជា​ដៃ​គូ​យល់​ចិត្ត​គ្នា ​ពេល​ប្រ​កួត នៅ​ស៊ីហ្គេម»​។​

ចំណែក​លោក​ ខ្លូត​ ករណី ​ជា​គ្រូ​បង្វឹក​ដឹក​នាំ​ការ​ហ្វឹក​ហាត់ បាន​​​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក​​ថា​៖ «​ក្រុម​យើង​មក​ហ្វឹក​ហាត់​នៅ​ស្រុក​បារាំង​នេះ ​គឺ​ផ្តោត​លើ​វិញ្ញាសា​ប្រណាំង​កង់​គួក​ជា​ក្រុម ​ដើម្បី​សម្រួច​ក្នុង​ការ​ទៅ​ចូល​រួម​នៅ​ស៊ីហ្គេម​ ប្រ​ទេស​វៀត​ណាម​ ចុង​ឆ្នាំ​ ២០២១​ នេះ​ ហើយ​​​ពួក​យើង ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ ​បន្ទាប់​ពី​បាន​សម្រេច​បំណង ​ក្នុង​ការ​មក​ហាត់​នៅ​​ប្រទេស​បារាំង​នេះ ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​លោក​ស្រី ​ប៉ែន ​ស្រី​មុំ ​និង​​ស្វាមី​​របស់​គាត់»៕