ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេត ម៉ាត់ នូរុណ បានមើលឃើញពីចំណុចវិជ្ជមានជាច្រើន សម្រាប់ចូលរួមហ្វឹកហាត់ និងប្រកួត នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ហើយរូបគេអះអាងថា អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានផ្តល់ដំបូន្មានល្អៗ និងចំណេះដចឹងបាល់ទាត់ ដែលពួកគេមិនធ្លាប់បានដឹងកន្លងមក។
តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ម៉ាត់ នូរុណ បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ដែលបានជាប់ជាកីឡាករជម្រើសជាតិ ព្រោះវាបានជួយឱ្យខ្ញុំមានឱកាសបានបង្ហាញខ្លួន នៅក្នុងការប្រកួតអន្តរជាតិ ជាមួយក្រុមដែលមានសមត្ថភាពខ្លាំងជាងយើង។ ជាមួយគ្នានេះ សម្រាប់ការហ្វឹកហាត់ជាមួយលោកគ្រូហុងដា គឺគាត់តែងផ្តល់នូវដំបូន្មានល្អៗ និងចំណេះដឹងពីបាល់ទាត់ ដែលយើងមិនធ្លាប់ដឹងពីមុនមក ហើយគាត់បានចែករំលែកបទពិសោធ ពីអ្វីទៅដែលកីឡាករអាជីព ត្រូវធ្វើ»។
កីឡាករជំនាញប្រើជើងឆ្វេង ម៉ាត់ នូរុណ បាននិយាយទៀតថា៖ «ការហ្វឹកហាត់ជាមួយលោកគ្រូហុងដា ខ្ញុំគិតថា មានការងាយស្រួល ព្រោះនៅពេលយើងអត់យល់ ពីចំណុចណាមួយ គឺគាត់បានព្យាយាមពន្យល់យើង ឱ្យអស់លទ្ធភាព ដើម្បីឱ្យយើងយល់ពីអ្វីដែលគាត់ចង់បាន»។
ជាមួយគ្នានេះ សម្រាប់ការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup Qatar 2022 ប្រចាំពូលC នៅលើទឹកដីប្រទេសបារ៉ែន ដែលទើបបានបញ្ចប់ កាលពីពេលថ្មីៗនេះ ម៉ាត់ នូរុណ បានចាត់ទុកថា ជាការប្រកួតដែលបានផ្តល់នូវបទពិសោធច្រើន សម្រាប់ក្រុមជម្រើសជាតិកម្ពុជា បើទោះបីជា កម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះបារ៉ែន ៨-០ ចាញ់ក្រុមអ៊ីរ៉ាក់ ៤-១ និងចាញ់ក្រុមអ៊ីរ៉ង់ ១០-០ ក៏ដោយ។
ម៉ាត់ នូរុណ បានបញ្ជក់ថា៖ «សម្រាប់៣ប្រកួត ដែលយើងបានទៅលេងនៅប្រទេសបារ៉ែន ខ្ញុំយល់ឃើញថា វាបានផ្តល់បទពិសោធជាច្រើន ព្រោះការប៉ះជាមួយក្រុមខ្លាំងៗ បានធ្វើឱ្យយើងបានមើលឃើញពីចំណុចខ្សោយរបស់ខ្លួនឯង ដើម្បីយកមកអភិវឌ្ឍខ្លួនបន្ថែមទៀត»៕