នៅ​ទី​បំផុត​ក្រុមជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​​​កងរាជអាវុធហត្ថភ្នំជុំរីក​រាយ នោះ នឹង​ត្រូវ​ប្រឈម​ជាមួយក្រុមជម្រើសជាតិ​កោះហ្គាម នាការប្រកួតជុំ Play-Off នៃវគ្គជម្រុះជុំទីបី ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី (AFC Asian Cup) ឆ្នាំ២០២៣។

ការ​វិល​មក​ជួបគ្នា​រវាង​ក្រុមជម្រើសជាតិ​កម្ពុជា និង​​ក្រុមជម្រើសជាតិកោះហ្គាម ​ត្រូវ​បាន​បង្ហាញ តាម​រយៈការ​ចាប់​ឆ្នោត ដែល​ត្រូវបានធ្វើ ​នៅទី​ស្នាក់ការ​របស់​​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អាស៊ី (AFC) នាក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នា​​រសៀល​ថ្ងៃព្រហស្បតិ៍​នេះ ចំណែក​ ចំណែក​ក្រុម​ឥណ្ឌូណេស៊ី ត្រូវ​តទល់ជាមួយឆាយនីសតៃប៉ិ នៅ​ក្នុង​វគ្គនេះដូច​គ្នា​។

គួរ​បញ្ជាក់ថា កម្ពុជា ឥណ្ឌូណេស៊ី កោះហ្គាម និងឆាយនីសតៃប៉ិ ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ទាបជាងគេ នាការប្រកួតជុំទីពីរ នៃពានរង្វាន់ FIFA World Cup និង Asian Cup ហើយ​កម្ពុជា​អាចជៀសផុត​ពី​ឥណ្ឌូណេស៊ី ដោយសារ​តែ​ចំណាត់​ថ្នាក់​ប្រហាក់​ប្រហែល​គ្នា និង​ស្ថិតនៅ Pot 1 ជាមួយ​គ្នា រីឯក្រុម​កោះហ្កាម​ និងឆាយនីសតៃប៉ិ ស្ថិត​នៅ Pot 2 ជា​មួយ​គ្នា។

សម្រាប់ការប្រកួតវគ្គ Play-Off ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី នេះ នឹង​​ត្រូវ​ឡើង​ចំនួន​២ជើង ខណៈ​ជើង​ទី​២ និង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី៧ ខែកញ្ញា រីឯ​ជើង​ទី​២ នឹងធ្វើ​នៅ​ថ្ងៃទី១២ ខែតុលា ហើយ​​ក្រុមឈ្នះ​ នឹង​ត្រូវ​​ចូលរួម​ប្រកួត​​ជាមួយ​២២​ក្រុម​ទៀត ​នៅ​វគ្គ​ជម្រុះ​ជុំទី៣​នៃ​ពាន​​​រង្វាន់ AFC Asian Cup 2023។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ធ្លាក់​មកលេង​នៅ​វគ្គ​ Play-Off នេះ ​ទាំង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និងក្រុមជម្រើសជាតិកោះហ្គាម សុទ្ធតែ​ទទួល​បាន​ភាព​ជូរចត់ នៅ​ក្នុងការ​ប្រកួត​ ជុំទីពីរ នៃពានរង្វាន់ FIFA World Cup និង Asian Cup 2022 ដោយក្រុមទាំង​២​នេះ សុទ្ធ​តែ​បានចាញ់ទាំង​៨​ប្រកួត​ដូចគ្នា សម្រាប់ការ​ប្រកួតជម្រុះ នៅតាមពូល​រៀងៗ​ខ្លួន ដែល​ទើប​​បាន​បញ្ចប់កាល​ពី​ពេលថ្មីៗនេះ។

​តាម​ប្រវត្តិ​ជួបគ្នា​រវាង​ក្រុម​ទាំង​២​នេះ ​ក្រុមជម្រើសជាតិ​កម្ពុជា ក្រោម​ដឹកនាំ​របស់​គ្រូ​បង្វឹក​អូស្ត្រាលី លោក Scott O’Donnell បានយកឈ្នះហ្កាម ៣-០ នាការប្រកួត AFC Challenge Cup 2006 នៅបង់ក្លាដែស ប៉ុន្តែ​ការ​ជួបគ្នា នៅ​ក្នុង​ប្រកួតមិត្តភាពអន្តរជាតិ កាលពីឆ្នាំ២០១៣ ក្រុម​កម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon បានចាញ់ហ្គាម ២-០ វិញ៕