អតីតកីឡាករជម្រើសជាតិកម្ពុជា អ៊ុក សុធី ដែលបានវិវឌ្ឍខ្លួនទៅធ្វើជាគ្រូបង្វឹកទៅហើយនោះ ត្រូវបានក្លិបសូលទីឡូអង្គរ ជ្រើសរើស និងតែងតាំងឱ្យធ្វើជាគ្រូបង្វឹក ចាប់ពីពេលនេះតទៅ។
ការប្រកាសពីការតែងតាំងលោក អ៊ុក សុធី ឱ្យធ្វើជាគ្រូបង្វឹកក្រុមសូលទីឡូអង្គរ ត្រូវបានធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ ហើយតាមរយៈការទទួលបានការងារថ្មីនេះ អ៊ុក សុធី នឹងត្រូវចូលខ្លួនដឹកនាំក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះ ជំនួសគ្រូបង្គលោកលោក Charlie ដែលទើបបានចែកផ្លូវជាមួយក្រុមសូលទីឡូអង្គរ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
ការទទួលបានតួនាទីជាគ្រូបង្គោល នៅក្នុងក្លិប ដែលកំពុងលេង នៅលីគកំពូលកម្ពុជា សូលទីឡូអង្គរ អាចចាត់ទុកថា ជាការបន្ថែមនូវជោគជ័យមួយនេះ ចំពោះ អ៊ុក សុធី សម្រាប់ការបញ្ចប់ពីអាជីពជាកីឡាករ មកធ្វើជាគ្រូបង្វឹក នៅក្នុងរយៈពេលជាង១ឆ្នាំនេះ។
នៅមុនការទទួលបានឱកាសដ៏ពិសេសនេះ អតីតកីឡាកររបស់ក្រុមភ្នំពេញក្រោន អ៊ុក សុធី ត្រូវបានក្លិបភ្នំពេញក្រោន តែងតែជាអ្នកសម្របសម្រួលបច្ចេកទេសលើក្រុមយុវជនថ្នាលទាំង៣កម្រិត (យុវជនអាយុក្រោម១៤ឆ្នាំ អាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ) ហើយ អ៊ុក សុធី ក៏ទើបបានជាប់ជាគ្រូជំនួយ នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ផងដែរ។
យ៉ាងណាក៏ដោយ ការចូលខ្លួនមកដឹកនាំក្រុមសូលទីឡូអង្គរ នៅពេលនេះ អ៊ុក សុធី ត្រូវបានគេមើលឃើញថា អាចនឹងមានសម្ពាធខ្លាំង និងជួបការលំបាកច្រើន ក្នុងការជួយសង្រ្គោះក្រុមមួយនេះ ព្រោះពេលនេះ សូលទីឡូអង្គរ កំពុងឈរនៅបាតតារាង ដោយបានចាញ់ទាំង៥ប្រកួតតែម្តង ហើយ
នៅថ្ងៃសៅរ៍នេះ សូលទីឡូអង្គរ ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ កំពុងស្រេកឃ្លានការឈ្នះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចម៉ោង៦៕