ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងត្រូវប្រឈមជាមួយការប្រកួតដ៏សែនលំបាក នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី អាយុក្រោម ២៣ ឆ្នាំ AFC U23 ASIAN CUP UZBEKISTAN 2022 ខណៈពួកគេ ត្រូវឈរនៅក្នុងពូលជាមួយក្រុមលំដាប់ខ្លាំង ប្រចាំនៅតំបន់អាស៊ីនោះ។
តាមរយៈការចាប់ឆ្នោត AFC U23 ASIAN CUP UZBEKISTAN 2022 ដែលទើបត្រូវបានធ្វើឡើង នៅថ្ងៃសុក្រនេះ ក្រុមគោព្រៃកម្ពុជា បានចាប់ឆ្នោត ឈរនៅពូលK ជាមួយក្រុមU23ជម្រើសជាតិជប៉ុន និងក្រុមU23 កូរ៉េខាងត្បូង ដែលជាម្ចាស់ជើងឯក ពាន AFC U23 ASIAN Cup នេះ កាលពីឆ្នាំ២០២០ ក្រោយពួកគេបានយកឈ្នះក្រុមអារ៉ាប់ប៊ីសាអូឌីត ១-០ នៅម៉ោងបន្ថែមនាទី ១១៣ ដោយខ្សែការពារ Jeong Tae-Wook។
បើទោះបីជាពូលk នេះ មានតែ៣ក្រុម ប៉ុន្តែបើយោងទៅតាមកម្រិតលេងរបស់ក្រុមU23 ជម្រើសជាតិជប៉ុន និងក្រុមកូរ៉េខាងត្បូង អាចបង្ហាញឱ្យឃើញរួចទៅហើយថា ក្រុមកម្ពុជា នឹងទទួលបានភាពជូរចត់ជាមួយម្តងទៀត បើទោះបីជា ក្រុមគោព្រៃកម្ពុជា ដឹកនាំដោយវីរៈបាល់ទាត់របស់ជប៉ុន លោក Keisuke Honda ក៏ដោយ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតជម្រុះតាមពូលនេះ ដែលគ្រោងនឹងធ្វើឡើង ពីថ្ងៃទី ២៣ ដល់៣១ តុលា ២០២១ ត្រូវបានគេរំពឹងថា នឹងជួយឱ្យក្រុមជម្រើសជាតិកម្ពុជា ទទួលបានបទពិសោធថ្មីៗបន្ថែមទៀត ដើម្បីយកមកពង្រឹងសមត្ថភាព ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ដែលបានសម្រេចលើកពេល ទៅធ្វើ នៅឆ្នាំ២០២២។
គួរបញ្ជាក់ថា ការប្រកួតវគ្គជម្រុះនេះ មានក្រុមតំណាងឱ្យប្រទេសចំនួន៤២ បានចូលរួមប្រកួត ដោយបែងចែកជា ១១ ពូល គឺពូលA ដល់ K ។ នៅក្នុងចំណោមពូលទាំងនេះ គឺមានតែពូល F និង K ប៉ុណ្ណោះ មាន៣ក្រុម ខណៈពូលផ្សេងទៀត មាន៤ក្រុម។
សម្រាប់ការប្រកួតជម្រុះនេះ គឺត្រូវយក១៥ក្រុម ឡើងទៅលេងនៅទឹកដី អូបេគីស្ថាន។ ក្នុងនោះពូលនីមួយៗ គឺយកអ្នកឈរលេខ១ នៅក្នុងតារាង ទាំង១១ពូល។ ចំណែក៤ក្រុមទៀត គឺត្រូវជ្រើសចេញពីក្រុម ដែលទទួលបានចំណាត់លេខ២ល្អជាងគេ៕