ខ្សែប្រយុទ្ធរបស់កាណាដា Marcus Haber បានបំបែកកំណត់ត្រា ការរកបានម្នាក់៣គ្រាប់ ក្នុងមួយប្រកួតរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា Marcio និងខ្សែប្រយុទ្ធ Abee Adjoo ដើម្បីក្លាយជាកីឡាករដំបូងគេ ដែលរកបានរហូតដល់៤គ្រាប់តែម្នាក់ឯង ក្នុងមួយប្រកួត សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២១នេះ ប៉ុន្តែក្រុមភ្នំពេញក្រោន ដែលបានទន្ទឹងរង់ចាំការប្រកួតដោយអន្ទះសារនោះ នៅតែមិនអាចបំពេញតាមការចង់បាន ខណៈជំនួបជាមួយក្រុមនគរបាលជាតិ ត្រូវបានពន្យារពេល ដោយសារការរកឃើញកីឡាករម្នាក់ បានឆ្លងជំងឺកូវីដ១៩នោះ។
ការបង្កើតបានកំណត់ត្រាថ្មី ក្នុងនាមជាកីឡាករ ដែលរកបាន ៤ គ្រាប់តែម្នាក់ ក្នុងមួយប្រកួតបានមុនគេ នៅក្នុងរដូវកាលថ្មី ឆ្នាំ ២០២១ នេះគឺបានកើតមានឡើង នៅពេលក្រុមវិសាខា បានលត់ក្រុមអាស៊ីអាស៊ីអឺរ៉ុប ៩-០ កាលពីថ្ងៃសៅរ៍ ដោយការប្រកួតនេះ Marcus Haber រកបាន៤គ្រាប់តែម្នាក់ឯង ចំណែកខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede និងប្រធានក្រុម កែវ សុខផេង រកបាន២គ្រាប់ដូចគ្នា ហើយ១គ្រាប់ទៀត រកបានដោយខ្សែបម្រើ ទិត្យ ឌីណា។
ការរកបាន ៤ គ្រាប់តែម្នាក់ឯងរបស់កីឡាករពាក់លេខ១១ Marcus Haber វាបានក្លាយជាកំណត់ត្រាថ្មី ក្នុងលីគកំពូលកម្ពុជា ប្រចាំឆ្នាំ ២០២១ នេះ ព្រោះគិតមកដល់ពេលនេះ នៅមិនទាន់មានកីឡាកររូបណារកបាន ៤ គ្រាប់តែម្នាក់ឯង ក្នុងមួយប្រកួតនោះទេ ខណៈខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់ក្រុមបឹងកេត ខ្សែប្រយុទ្ធ Abee Ndjoo របស់ក្រុមអាស៊ីអាស៊ីអឺរ៉ុប និងខ្សែប្រយុទ្ធ Marcio របស់ក្រុមណាហ្គាវើលដ៍ រកបានត្រឹម ៣ គ្រាប់ ក្នុងមួយប្រកួតដូចគ្នា។
សម្រាប់ការប្រកួត កាលពីថ្ងៃសៅរ៍នោះដែរ ក្រុមបឹងកេត បានយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ត្រឹម ១-០ យ៉ាងតានតឹងបំផុត ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ ឱ ភារុណ នៅនាទីទី៩០+៦។ ចំណែកក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមសូលទីឡូអង្គរ ត្រឹម ២-១ ទាំងលំបាក ហើយក្រុមកងយោធពលខេមរភូមិន្ទ ក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តព្រៃវែង ២-១ ដូចគ្នា។
យ៉ាងណាមិញ សម្រាប់ជំនួបរវាងក្រុមម្ចាស់ផ្ទះ នគរបាលជាតិ និងក្រុមខ្លាំងភ្នំពេញក្រោន ដែលត្រូវធ្វើនៅកីឡដ្ឋាន 7NG ខាងពីថ្ងៃអាទិត្យ ម្សិលមិញ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សម្រេចពន្យារពេលប្រកួត ដោយមិនទាន់បង្ហាញពីកាលបរិច្ចេទថ្មី នោះឡើយទេ ហើយការលើកពេលនេះ បានធ្វើឱ្យក្រុមភ្នំពេញក្រោន ដែលបានទន្ទឹងរង់ចាំការប្រកួតនេះ អស់រយៈពេលជាង១ខែមកហើយនោះ នៅតែមិនអាចសម្រេចបំណង ក្នុងការវិលមកបង្ហាញសមត្ថភាព នៅលើទីលានជាថ្មី ខណៈ៤ប្រកួតកន្លងមកនេះ ពួកគេបានឈ្នះទាំងអស់។
ជុំវិញការលើកពេល នៃការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមនគរបាលជាតិ នេះ ត្រូវបាន ខាង CNCC បញ្ជាក់ថា ការប្រកួត រវាងក្លិបនគរបាលជាតិ និងភ្នំពេញក្រោន ត្រូវលើកការប្រកួត ដោយមូលហេតុរកឃើញនូវករណីវិជ្ជមាន នៃជំងឺកូវីដ១៩ លើកីឡាករ១រូប របស់ក្លិបនគរបាលជាតិ។
CNC បានបន្ថែមថា ដោយសិក្សាអំពីទំហំ និងបង្កាករណីហានិភ័យអាចបន្តទៅក្លិបដទៃ ដូច្នេះនៅថ្ងៃទី ១១/០៧/២០២១ នេះមន្ត្រី និងកីឡាករដ៏ទៃទៀតទាំងអស់ ក្នុងក្រុមនគរបាលជាតិ តម្រូវទៅយកសំណាក ដោយប្រភេទ PCR Test របស់មន្រ្តី និងកីឡាករក្លិប។ លទ្ធផលនឹងបាននៅ ២ ឬ៣ថ្ងៃបន្ទាប់ ហើយក្រុមត្រូវតែធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល ដូច្នេះការប្រកួតរវាងក្លិបនគរបាលជាតិ និងក្លិបភ្នំពេញក្រោន នៅថ្ងៃល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ នឹងត្រូវការផ្អាកជាបណ្តោះអាសន្នសិន ហើយ កាលបរិច្ឆេទថ្មីនឹងជម្រាបនៅពេលក្រោយ។
ចំណែកការប្រកួតរវាងក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ និងក្រុមអគ្គិសនីកម្ពុជា ដែលត្រូវធ្វើនៅថ្ងៃនេះ ត្រូវបានលើកពេល ទៅធ្វើនៅរសៀលម៉ោង ៣:៣០ ថ្ងៃអង្គារស្អែកវិញ ដោយសារតែការធ្វើតេស្តលើកទី១ កាលពីថ្ងៃទី៩ ខែកក្កដា ក្លិបអគ្គីសនីកម្ពុជា រកឃើញកីឡាករ ១ នាក់ (វិជ្ជមាន) ដូច្នេះមន្ត្រី និងកីឡាករដ៏ទៃទៀតដែល (អវិជ្ជមាន) រង់ចាំតេស្តលើកទី២ ក្រោយ៤៨ ឬ៧២ម៉ោង ខណៈតេស្តលើកទី២ បានធ្វើពីព្រឹកថ្ងៃអាទិត្យ ១១/០៧/២០២១៕