បរទេស៖ ក្លិប Atletico Madrid ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga បានទិញខ្សែបម្រើ Rodrigo de Paul ពីក្លិប Udinese របស់ក្របខ័ណ្ឌអ៊ីតាលី Serie A ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃចន្ទ។ Atletico មិនបានបង្ហាញពីតម្លៃខ្លួននៃការផ្ទេរនេះឡើយ ប៉ុន្តែ បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស បានចេញផ្សាយថា ការផ្ទេរនេះ មានទឹកប្រាក់ចំនួន៣៥លានអឺរ៉ូ (ស្មើនឹង៤១,៥លានដុល្លារអាមេរិក) សម្រាប់កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ។
De Paul បានចូលលេងក្នុងជម្រើសដំបូងចំនួន៥លើក ក្នុងចំណោមការប្រកួត៧លើករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន នាព្រឹត្តិការណ៍ Copa America និងបានជួយឲ្យ Angel Di Maria រកបានគ្រាប់បាល់ឈ្នះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងប្រេស៊ីល កាលពីថ្ងៃសៅរ៍។ រូបគេបានជួបរដូវកាលឆ្នាំ២០២០-២០២១ ដ៏រីករាយជាមួយនឹងក្លិប Udinese ដោយបានស៊ុតបាល់បញ្ចូលទី៩គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន១០គ្រាប់ផ្សេងទៀត ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Serie A ចំនួន៣៦លើក។
De Paul បានចំណាយពេលអស់៥រដូវកាលនៅអ៊ីតាលី ក្រោយពីចូលរួមជាមួយនឹងក្លិប Udinese ក្នុងឆ្នាំ២០១៦ និងបានបង្ហាញខ្លួន១៨៤លើក ក្នុងរាល់យុទ្ធនាការទាំងអស់ ដោយបានស៊ុតបាល់បញ្ចូលទី៣៤គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៣៦គ្រាប់ផ្សេងទៀត។ រូបគេធ្លាប់បានលេងឲ្យក្លិប Valencia ក្នុងក្របខ័ណ្ឌ La Liga កាលពីមុនដែរ នៅចន្លោះឆ្នាំ២០១៤ និង២០១៦៕
ប្រភពព័ត៌មាន៖ Channel News Asia


