បរទេស៖ ក្លិប Celtic បានប្រកាសកាលពីថ្ងៃសុក្រពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Kyogo Furuhashi ដែលជារកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្របខ័ណ្ឌ J1-League ពីក្លិប Vissel Kobe ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។
Furuhashi ដែលបានលេងជាដៃគូជាមួយនឹងប្រធានក្រុម Andres Iniesta នៅប្រទេសជប៉ុននោះ គឺជាកីឡាករចំណូលថ្មីទី៤របស់ក្លិប Celtic បន្ទាប់ពីការចូលរួមរបស់កីឡាករ Liam Shaw និង Osaze Urhoghide ពីក្លិប Sheffield Wednesday និង Liel Abada ពីក្លិប Maccabi Petah Tikva។ Furuhashi ដែលបានស៊ុតបាល់បញ្ចូលទី១៤គ្រាប់ក្នុងការប្រកួតលីក២០លើកនៅរដូវកាលនេះ នឹងធ្វើដំណើរទៅដល់ទីក្រុង Glasgow ដើម្បីជម្រះឯកសារអន្តរជាតិ។ លោក Ange Postecoglou អ្នកចាត់ការទូទៅរបស់ Celtic ដែលទើបតែទៅដឹកនាំនៅប្រទេសស្កុតឡេន បន្ទាប់ពីចំណាយពេលដឹកនាំក្លិប Yokohama F. Marinos នៅជប៉ុននោះ បាននិយាយថា រូបលោកដឹងយ៉ាងច្បាស់ពីគុណភាពដែល Furuhashi នឹងផ្តល់មកឲ្យ។
អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលីរូបនេះ បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ក្នុងការនាំយក Kyogo Furuhashi មកកាន់ Celtic។ រូបគេជាកីឡាករម្នាក់ដែលមានគុណភាពពិតប្រាកដ និងជាមនុស្សដែលខ្ញុំស្គាល់យ៉ាងច្បាស់»។ Furuhashi ដែលបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងការបង្ហាញខ្លួន៦លើកសម្រាប់ជប៉ុននោះ បានជួយឲ្យ Vissel Kobe ឈ្នះពាន២លើកក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ៕
ប្រភពព័ត៌មាន៖ Channel News Asia


