បរទេស៖ ក្លិបកាំភ្លើង​ធំ Arsenal បាន​បំពេញការ​ចុះ​ហត្ថលេខា​ជា​មួយនឹង​ខ្សែ​បម្រើ​យុវ​ជន​អន្តរ​ជាតិ​បែលហ្ស៊ិក Albert Sambi Lokonga ពីក្លិប Anderlecht ក្នុងកិច្ច​សន្យារយៈពេល​វែង​។​ តម្លៃ​ខ្លួន​នៃការ​ផ្ទេរ​នេះ បើ​ទោះ​បី​បិទ​ជិត​ក៏ដោយ ប៉ុន្តែ ត្រូវ​បាន​គេ​ជឿជាក់​ថា មាន​ចំនួន​១៧,២លានផោន (ស្មើ​នឹង​២៣,៥​លានដុល្លារ​អាមេរិក)​។

ក្រោយពី​បាន​ចូល​រួម​ជាមួយនឹងក្លិប Anderlecht ក្នុង​វ័យ​១៥​ឆ្នាំ Lokonga បាន​បង្ហាញខ្លួន​ក្នុង​ជម្រើស​ទាំង​១១​ដំបូង​កាលពី​ខែ​ធ្នូ ឆ្នាំាំ​២០១៧ និង​បាន​បន្ត​បង្ហាញខ្លួន​រហូត​ដល់​ទៅ​៧៨​លើក ដោយ​បាន​ស៊ុត​បាល់បញ្ចូល​ទី​៣គ្រាប់​។ លោក Mikel Arteta គ្រូបង្វឹក​ក្លិប Arsenal បាន​ឲ្យដឹងថា៖ «Albert គឺ​ជាកីឡាករ​ប្រកប​ដោយ​ភាព​វ័យ​ឆ្លាត ដែល​បាន​បង្ហាញពី​ភាព​ចាស់ទុំ​ដ៏អស្ចារ្យ​។ រូប​គេ​ស្ថិតក្រោមការ​បង្វឹក​យ៉ាងល្អពី​លោកគ្រូបង្វឹក Vincent Kompany និង​ក្រុម​ការ​ងារ​របស់​លោក នៅក្លិប Anderlecht​។

ខ្ញុំ​ស្គាល់ Vincent យ៉ាង​ច្បាស់ ហើយ​លោក​តែង​តែកោតសរសើរ Albert និង​ឥទ្ធិ​ពល​វិជ្ជ​មាន​ដែល​រូប​គេ​ផ្តល់​ទៅ​ឲ្យក្លិប Anderlecht ក្នុង​រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ​»​។ លោក Arteta បានបន្ថែម​ទៀត​ថា៖ «យើង​ជឿជាក់​ថា Albert ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ជំហាន​បន្ទាប់ ក្នុងការអភិវឌ្ឍ​របស់​គេ ហើយ​យើង​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅកាន់ការស្វាគមន៍​សមា​ជិក​ថ្មីចូល​ក្នុង​ក្រុម​របស់​យើងជាមួយនឹង​សមត្ថភាព និង​វត្តមាន​របស់​គេ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia