បរទេស៖ ក្រុមម្ចាស់ការពារតំណែងជើងឯកម៉ិកស៊ិក និងក្រុមម្ចាស់ផ្ទះ សហរដ្ឋអាមេរិក នឹងព្យាយាមប្រជែងយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Gold Cup តាមរយៈការដណ្តើមឲ្យបានជ័យជម្នះរៀងៗខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (ត្រូវនឹងព្រឹកថ្ងៃសុក្រ នៅកម្ពុជា)។ ក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិកាណាដា ក្នុងទីក្រុង Houston ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគូទី១ ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាមេរិកខាងជើង រយៈពេល២ឆ្នាំម្តងមួយនេះ ស្របពេលដែលអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមម្ចាស់ជើងឯកអាស៊ី កាតា ក្នុងទីក្រុង Austin ក្នុងការប្រកួតគូទី២។
ក្រុមដែលទទួលជ័យជម្នះ នឹងត្រូវប៉ះគ្នានៅថ្ងៃអាទិត្យ ក្នុងទីក្រុង Las Vegas ក្នុងការប្រកួតកាត់សេចក្តីនៃព្រឹត្តិការណ៍ប្រចាំតំបន់លើកទី១របស់សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប (CONCACAF) មួយនេះ។ ក្រុមម្ចាស់ជើងឯក៨សម័យកាល ម៉ិកស៊ិក បានផ្តួលក្រុមជម្រើសជាតិអាមេរិក ក្នុងលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៩។ ក្រុមទាំង២ បានជួបគ្នាក្នុងព្រឹត្តិការណ៍ Gold Cup វគ្គផ្តាច់ព្រ័ត្រចំនួន៦លើក ខណៈដែលម៉ិកស៊ិក បានទទួលជ័យជម្នះទាំង៦លើក ប៉ុន្តែ ក្នុងការជួបគ្នាក្នុងឆ្នាំ២០០៧ ក្រុមម្ចាស់ជើងឯក៦សម័យកាល អាមេរិក បានទទួលជ័យជម្នះក្នុងលទ្ធផល ២-១។ ខ្សែប្រយុទ្ធ Almoez Ali របស់កាតា គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេប្រចាំយុទ្ធនាការ តាមរយៈការរកបាន៤គ្រាប់ ស្របពេលដែលខ្សែប្រយុទ្ធ Daryl Dike គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់មេរិក តាមរយៈការរកបាន២គ្រាប់។
លោក Gregg Berhalter គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាមេរិក បានឲ្យដឹងថា៖ «ពិតណាស់ វានឹងក្លាយជាការប្រកួតដ៏លំបាក។ កាតា បានស្ថិតក្នុងកម្រិតលេងយ៉ាងល្អក្នុងយុទ្ធនាការនេះ។ ពួកគេស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រេច។ យើងមិនអាចមើលស្រាលពួកគេបានឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia


