បរទេស៖ ខ្សែប្រយុទ្ធ Gyasi Zardes បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៨៦ ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះអាមេរិក ផ្តួលក្រុមបាល់ទាត់ជម្រើសជាតិកាតា ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍ (ព្រឹកថ្ងៃសុក្រ នៅកម្ពុជា) ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Concacaf Gold Cup។
ការរងបរាជ័យនេះ បានបិទបញ្ចប់យុទ្ធនាការដ៏គួរឲ្យកត់សម្គាល់សម្រាប់កាតា ដែលបានលេងក្នុងនាមជាប្រទេសដែលទទួលបានការអញ្ជើញ។
ពួកគេបានបើកយុទ្ធនាការនេះ ដោយបានបញ្ចប់ក្នុងលទ្ធផលស្មើ ជាមួយនឹងក្រុមជម្រើសជាតិប៉ាណាម៉ា នៅមុនពេលផ្តួលក្រុមជម្រើសជាតិហ្គ្រេណាដា និងហុងឌូរ៉ាស ដើម្បីបញ្ចប់ដោយការឈរលេខ១ក្នុងពូល A និងឈានទៅវគ្គបន្ត មុននឹងផ្តួលក្រុមជម្រើសជាតិអែលសាល់វ៉ាឌ័រ ក្នុងវគ្គ៨ក្រុម។ ក្រុមម្ចាស់ជើងឯក៦សម័យកាល អាមេរិក នឹងត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ិក ឬកាណាដា ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
ប្រភពព័ត៌មាន៖ The Guardian


