អូឡាំពិកក្រុងតូក្យូ៖ កីឡា​ការិនី Emma McKeon បច្ចុប្បន្ន គឺ​ជាម្ចាស់​ក្សត្រី​ក្នុងព្រឹត្តិការណ៍​អូឡាំពិក ឆ្នាំ​២០២០ លើ​វិញ្ញា​សា​ហែល​ទឹក និង​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក​ដ៏អស្ចារ្យ​បំផុត​របស់​អូស្ត្រាលី ក្រោយពី​បាន​ឈ្នះមេដាយមាស​ជាលើក​ទី​៣​របស់​នាង​ក្នុងព្រឹត្តិការណ៍នៅទីក្រុងតូក្យូ បន្ទាប់​ពី​បាន​នាំមុខ​តាំងពី​ចាប់​​ផ្តើម​រហូត​បញ្ចប់ ក្នុង​វិញ្ញា​សា​ហែល​សេរី ៥០​ម៉ែត្រ​​។

កីឡា​ការិនី McKeon បាន​សារ​ភាព​បន្ទាប់​ពី​ការ​​ប្រកួតនេះ​ថា គោល​បំណង​របស់​នាង​សម្រាប់​យុទ្ធនា​ការនៅ​ទីក្រុង​តូក្យូ គឺ​ការ​ចូលរួម​ក្នុង​ការ​ប្រកួត​លើ​វិញ្ញា​សា​ទាំង​អស់នេះ និង​ឈ្នះមេដាយ​មាស​។ McKeon វ័យ​២៧​ឆ្នាំ បាន​បង្កើតកំណត់ត្រា​ថ្មី​ក្នុង​វិញ្ញា​សា​ហែលសេរី​ចម្ងាយ​៥០ម៉ែត្រ​នា​ព្រឹត្តិការណ៍​អូឡាំពិក តាម​រយៈ​ការ​​ប្រើប្រាស់​ថិរ​វេលា​២៣,៨១វិនាទី ដើម្បី​ឈ្នះ​មេដាយ​មាស និង​ដើម្បី​បន្ថែម​ទៅលើ​មេដាយ​មាស​ក្នុង​វីញ្ញា​សា​ហែល​សេរី​ចម្ងាយ​១០០​ម៉ែត្រ និង​ហែល​បណ្តាក់​ចម្ងាយ ៤x១០០ម៉ែត្រ និង​ហែល​ជាក្រុម​ចម្ងាយ ៤x១០០ម៉ែត្រ ដើម្បី​ធ្វើ​ឲ្យ​មេដាយ​មាស​សរុប​របស់នាងកើន​ដល់​៤ និង​សរុប​ទាំង​អស់ចំនួន​៧ ដើម្បីក្លាយ​ជា​​កីឡា​​ការិនី​ហែល​ទឹក​ទី​៥​ដែល​បាន​ឈ្នះ​មេដាយ​មាសទាំងក្នុង​វិញ្ញា​សា​ចម្ងាយ​៥០​ម៉ែត្រ និង​១០០ម៉ែត្រ​។

McKeon បាន​ប្រាប់​ថា៖ «ការ​មក​ទីនេះ ដើម្បីឈ្នះ​មេដាយមាស​គឺ​ជា​ផែន​ការ​ដែល​គ្រូបង្វឹក​របស់​ខ្ញុំ​គឺ​លោក Michael Bohl និង​រូប​ខ្ញុំ​ផ្ទាល់ បាន​ខិតខំព្យា​យាម​យ៉ាង​ខ្លាំង​»​៕

 

ប្រភព​ព័ត៌​មាន៖ swimmingworldmagazine