បរទេស៖ ​ខ្សែ​ការ​ពារ Miles Robinson បាន​រក​គ្រាប់បាល់​នៅនាទី​បន្ថែម​១៥នាទី​២ដង ខណៈ​ដែលក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​សហ​រដ្ឋ​អាមេរិក បាន​ផ្តួលក្រុម​ម្ចាស់ការ​ពារ​តំណែង​ជើង​​ឯក ម៉ិក​ស៊ិក ក្នុងលទ្ធផល ១-០ កាលពីថ្ងៃ​អាទិត្យ (ព្រឹក​ថ្ងៃ​ចន្ទ​នៅកម្ពុជា) ដើម្បីឈ្នះ​ពាន CONCACAF Gold Cup ជាលើក​ទី​៧​។

ក្រោយពី​ការ​បំពេញ​តួនាទី​យ៉ាងល្អ​ពី​អ្នក​ចាំ​ទី Matt Turner កីឡាករ Robinson បាន​លោត​ពី​លើខ្សែ​ការ​ពារ​ម៉ិក​ស៊ិក Edison Alvarez នៅ​នាទី​បន្ថែម និង​បាន​តែត​បាល់​ផុត​ដៃ​អ្នក​ចាំ​ទី Alfredo Talavera ដើម្បី​នាំ​ឲ្យមានការ​អប​អរ​យ៉ាង​អរ​យ៉ាងខ្លាំងក្លា នាកីឡដ្ឋាន Allegiant ក្នុង​ទីក្រុង Las Vegas​។ Robinson បាន​ឲ្យដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ ដែល​យើង​បាន​ទទួល​ជ័យ​ជម្នះ​។ ពិត​ជា​អស្ចារ្យ​ណាស់ និង​ពោរពេញ​ដោយ​ភាព​រំភើប​។ ខ្ញុំ​បាន​ដឹង​ថា ប្រសិន​បើ​ខ្ញុំ​អាច​រក​ឃើញ​ចន្លោះ និង​បោះ​១​ជំហាន​ទៅមុខ នោះខ្ញុំ​អាច​រក​បាន​គ្រាប់បាល់បញ្ចូល​ទី​បាន​ហើយ​»​។

នេះ​គឺ​ជា​ការ​ឈ្នះពាន Gold Cup ជាលើក​ដំបូង​របស់ក្រុម​ជម្រើស​ជាតិ​អាមេរិក បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៧ និង​បាន​បំពេញ​ការ​សង​សឹករបស់​ពួក​គេក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ម៉ិក​ស៊ិក ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពីឆ្នាំ​២០១៩​។ លទ្ធផល​នេះ មាន​ន័យ​ថា អាមេរិក បាន​បញ្ចប់​ដោយការមិនស្គាល់​ចាញ់​សោះ​ក្នុង​យុទ្ធ​នា​ការ​នៅ​ឆ្នាំ​នេះ​៕