ប្រតិភូកីឡាកម្ពុជា ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន ជានាយបេសកកម្ម បានវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីក្រុមមួយនេះ បានបញ្ចប់បេសកកម្ម នៅក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុន ដែលបានលើកមកធ្វើនៅឆ្នាំ២០២១នេះ។
យ៉ាងណាក៏ដោយ នៅក្នុងចំណោមប្រតិភូកីឡាកម្ពុជាទាំង៨នាក់ ដែលបានវិលត្រឡប់មកកាន់ប្រទេសនេះ គេមិនបានឃើញវត្តមានកីឡាករអត្តពលកម្ម ប៉ែន សុគង់ នោះទេ ហើយបើតាមសាមីខ្លួនផ្ទាល់ បានឱ្យដឹងថា រូបគេ បានបន្តហ្វឹកហាត់នៅប្រទេសជប៉ុនរហូតដល់៨ខែទៀតឯណោះ ដើម្បីពង្រឹងសមត្ថភាព ត្រៀមចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលបានលើកពេលទៅធ្វើបនៅចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២។
តាមរយៈ CAMSOC កីឡាករជម្រើសជាតិកម្ពុជា ប៉ែន សុគង់ បានប្រាប់ពីទីក្រុងតូក្យូ តាមរយៈសារអេឡិចត្រូវនិក កាលពីយប់ថ្ងៃទី២ ខែសីហា មកថា រូបគេមិនទាន់បានវិលត្រឡប់មកមាតុភូមិកម្ពុជាជាមួយក្រុមប្រតិភូកីឡាកម្ពុជា ដែលដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលទទួលបន្ទុកនាយបេសកកម្មអូឡាំពិកហ្គេម លើកនេះទេ។
ប៉ែន សុគង់ បានបញ្ជាក់ថា៖ «ខ្ញុំត្រូវបន្តការហ្វឹកហាត់ នៅជប៉ុនរយៈពេល៨ខែទៀត ហើយកាបន្តហាត់នៅជប៉ុននេះ ក្លិបកីឡាអត្តពលកម្ម YUMEOMIRAI ស្ថិតនៅទីក្រុង Kanagawa ក្រោមការសហការជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ជាអ្នករ៉ាប់រងរាល់ការចំណាយលើការហូបចុក ស្នាក់នៅ និងការធ្វើដំណើរ ក្នុងរយៈពេលហ្វឹកហាត់៨ខែនេះ ផ្ទាល់តែម្តង»។
កីឡាករជំនាញរត់ល្បឿន១០០ម៉ែត្រ ប៉ែន សុគង់ បានប្រាប់ទៀតថា សម្រាប់ការបន្តហ្វឹកហាត់ នៅជប៉ុននេះ បានចាប់ផ្តើម កាលពីថ្ងៃទី១ ខែសីហានេះតទៅ រហូតដល់ខែមេសា ឆ្នាំ២០២២ គឺមុនពេលដែលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម បានចាប់ផ្តើមប្រកួត។
សម្រាប់ការប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុនលើកនេះ ប៉ែន សុគង់ ជាអត្តពលិកកម្មរបស់កម្ពុជាតែម្នាក់គត់ ក្នុងចំណោម៣នាក់ ដែលមិនអាចបំបែកឯតទគ្គកម្មខ្លួនឯង ដោយរូបគេធ្វើបានក្នុងថិរវេលា ១១.០២ វិនាទី ក្នុងការរត់ចម្ងាយ១០០ម៉ែត្រ គឺមានការធ្លាក់ចុះ ជាងឯតទគ្គកម្មចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានត្រឹម ១០.៨៧ វិនាទី ខណៈអត្តពលិកហែលទឹក ឃឺន ប៊ុនពេជ្រមរកត និង ហែម ប៉ុច សុទ្ធតែបានបំបែកថិរវេលាចាស់របស់ខ្លួនឯង នៅក្នុងការប្រកួតហែលសេរី ៥០ម៉ែត្រដូចគ្នា។
តាមរយៈការប្រកួតនោះ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ធ្វើបានក្នុងថិរវេលា ២៩:៤២ វិនាទី ល្អជាងឯតទគ្គកម្មចាស់ ដែលនាងធ្លាប់ធ្វើបាន ២៩:៩៩ វិនាទី ចំណែកកីឡាករ ហែម ប៉ុច ធ្វើបានក្នុងថវិរវេលា ២៤:៩១ វិនាទី គឺបានបំបែកសិទ្ធផលចាស់ ២៤:៩២ វិនាទី ដូចគ្នា។ យ៉ាងណាក៏ដោយ សម្រាប់ការបន្តហ្វឹកហាត់នៅជប៉ុន៨ខែទៀតនេះ ប៉ែន សុគង់ បានប្តេជ្ញាខិតខំហ្វឹកហាត់ ដើម្បីបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរ ត្រៀមចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម នៅវៀតណាម៕