បរទេស៖ ខ្សែ​ប្រយុទ្ធ Samuel Kalu របស់​ក្លិប Bordeaux បាន​ដួល​ចន្លប់នៅ​លើ​ទីលាន​ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ​បារាំង Ligue 1 លើ​​ទឹកដីក្រុម Marseille កាលពីថ្ងៃ​អាទិត្យ ស្រប​ពេល​ដែល​កម្តៅ​បាន​ឡើង​រហូត​ដល់​​ទៅ​៣០អង្សា​សេ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​នីហ្សេរីយ៉ា​រូបនេះ បាន​ដួល​សន្លប់នៅលើ​​ទីលាន​នៃ​​កីឡដ្ឋាន Stade Velodrome អំឡុង​ពេលនៃ​ការ​ប្រកួត​នៅ​​ដើម​តង់​ទី​១​។ ភ្លាម​ៗនោះ មិត្ត​រួមក្រុម​របស់​គេក៏​បាន​​ប្រមូល​ម្តុំ​គ្នានៅ​ជុំ​វិញ Kalu ហើយ​បាន​ឲ្យ​សញ្ញា​ដល់​ក្រុម​គ្រូ​ពេទ្យ​ឲ្យ​មក​ជួយ​សង្គ្រោះ​​។ ក្រោយ​ពី​ហេតុ​ការណ៍​ដ៏​សន្លត់​ចិត្តនេះ Kalu ក៏អាច​ក្រោក​ឈរ​បាន ប៉ុន្តែ ត្រូវ​បាន​ប្តូរចេញ និង​ជំនួស​ដោយ​កីឡាករ Remi Oudin​។

ហេតុការណ៍នេះ បាន​កើត​ឡើង​ត្រឹម​តែ​២​ខែ​ប៉ុណ្ណោះ ក្រោយពី​ខ្សែ​បម្រើ​ប្រយុទ្ធ Christian Eriksen របស់ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក បាន​ជួប​បញ្ហា​គាំង​បេះ​ដូង នា​​ការ​ប្រកួតក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០​។  Oudin ដែល​បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​ក្នុង​ពេលក្រុមខ្លួន​ទទួល​លទ្ធផល​ស្មើ ២-២ បាន​ឲ្យដឹង​ថា៖ «ឧប្បត្តិហេតុរបស់ Kalu បាន​ធ្វើ​ឲ្យ​យើង​រន្ធត់​ចិត្ត​។ ហេតុការណ៍​នេះ​តែង​តែ​ធ្វើ​ឲ្យអ្នកគាំទ្រ និងកីឡាករ​នៅលើ​ទីលាន​​ស្រឡាំង​កាំង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia