បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តអនុញ្ញាតឱ្យខ្សែបម្រើស្លាប Daniel James ចាកចេញពីទឹកដី Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីការមកដល់របស់ Cristiano Ronaldo។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនតែ ១៥ លើកប៉ុណ្ណោះនៅ Premier League សម្រាប់ក្រុមរបស់លោក Ole Gunnar Solskjaer កាលពីរដូវកាលមុន ហើយគាត់ត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះក្នុងការប្រកួតចុងក្រោយរបស់ Man United ទល់នឹង Southampton។ បើយោងតាម The Sun ក្លឹបបិសាចក្រហមបានបើកចំហរឱ្យ James ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែអាចលក់ខ្សែបម្រើស្លាបរូបនេះតែម្តងប្រសិនបើមានការផ្តល់ជូនត្រឹមត្រូវ។

ក្លឹប Everton, Brighton & Hove Albion, Leeds United និង Crystal Palace សុទ្ធតែត្រូវបានគេរាយការណ៍ថាកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ James ដែលនៅសល់រយៈពេល ៣ ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។ កីឡាករសញ្ជាតិវេលស៍រូបនេះបានជិតនឹងចូលរួមជាមួយ Leeds នៅខែមករាឆ្នាំ ២០១៩ ប៉ុន្តែកិច្ចព្រមព្រៀងរវាងក្លឹប Leeds United និង Swansea City ត្រូវបានបរាជ័យទៅវិញ៕
ប្រភពព័ត៍មាន៖ Sportsmole
