បរទេស៖ ក្លិប Bayern Munich បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Marcel Sabitzer ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំពីក្លិប RB Leipzig។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សស្ថិតក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃចន្ទ។
ក្លិប Bayern បានផ្តល់តម្លៃខ្លួនមួយក្នុងទំហំទឹកប្រាក់១៦លានអឺរ៉ូ (ស្មើនឹង១៨លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែបម្រើអន្តរជាតិអូទ្រីសរូបនេះ។ Sabitzer បានចូលរួមជាមួយនឹងក្លិប Leipzig ពីក្លិប Rapid Vienna កាលពីឆ្នាំ២០១៤ ដោយលេងបាន២២៩លើក សម្រាប់ក្លិនេះ ក្នុងរាល់យុទ្ធនាការទាំងអស់ និងបានស៊ុតបាល់បញ្ចូលទី២៥គ្រាប់។ ខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ បានលេងចំនួន២រដូវកាលនៅក្លិប Leipzig ក្រោមការដឹកនាំរបស់លោក Julian Nagelsmann ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកនៅ Bayern កាលពីខែមេសា។
លោក Oliver Kahn នាយកប្រតិបត្តិក្លិប Bayern បានឲ្យដឹងថា៖ «Marcel Sabitzer មានសមត្ថភាពគ្រប់យ៉ាងដែលកីឡាកររបស់ FC Bayern ត្រូវការ។ ហេតុនេះ រូបគេមិនចាំបាច់ចំណាយពេលយូរក្នុងការសម្របខ្លួនឡើយ ខណៈដែលរូបគេបានលេងយ៉ាងល្អរួចជាស្រេចក្រោមការដឹកនាំរបស់គ្រូបង្វឹករបស់យើងគឺលោក Julian Nagelsmann។ ស្របពេលជាមួយគ្នានេះ AC Milan បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Tiémoué Bakayoko ពីក្លិប Chelsea ក្នុងកិច្ចសន្យាខ្ចីជើង២ឆ្នាំ ជាមួយនឹងជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍៕
ប្រភពព័ត៌មាន៖ The Guardian


