បរទេស៖​ ការ​ប្រកួត​ជម្រុះ World Cup រវាងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន និង​ប្រេស៊ីល ត្រូវ​បាន​ផ្អាក ក្រោម​ទិដ្ឋ​​ភាព​ដែល​មិន​គួរ​ឲ្យ​កើត​ឡើង កាលពីថ្ងៃ​អាទិត្យ (ព្រឹក​ថ្ងៃ​ចន្ទនៅកម្ពុជា) ក្រោយពី​​​អាជ្ញា​ធរ​សុខា​ភិបាល​ប្រេស៊ីល បាន​ចោទ​ប្រកាន់​កីឡាករ​ជា​ច្រើន​ដែល​លេង​ក្នុងក្រប​ខ័ណ្ឌ Premier League ពី​បទល្មើស​នឹង​ច្បាប់​ធ្វើ​ចត្តា​ឡីស័ក​ការ​ពារ​វីរុស​កូវីដ ១៩ របស់​ប្រទេស​នេះ​។

អ្នក​ចាំទី Emiliano Martinez របស់​ក្លិប Aston Villa និងកីឡាករ​២នាក់​ទៀត​របស់​ក្លិប Tottenham គឺ Cristian Romero និង Giovani Lo Celso បាន​ស្ថិតនៅលើ​ទីលាន​ប្រកួត Neo Quimica Arena ក្នុង​នាម​ជាក្រុម​ជម្រើស​ដំបូង​របស់​​អាហ្សង់ទីន នៅ​ពេល​នោះមន្ត្រី​ជាច្រើន​មកនិយតករសុខា​ភិបាល​ប្រេស៊ីល បាន​សម្រុក​ចូល​ទីលាន​ប្រកួត និង​បាន​បញ្ឈប់​ការ​ប្រកួតភ្លាម​ៗ ក្រោយពី​ទើប​តែ​​ចាប់ផ្តើម​ប្រកួត​បាន​៥នាទី​។

កីឡាករ​ទាំង​៣ រួម​ជាមួយនឹង Emiliano Buendia របស់​ក្លិប Aston Villa ដែល​ជាកីឡាករ​បម្រុង បាន​ប្រព្រឹត្ត​ល្មើសនឹង​ច្បាប់របស់​ប្រេស៊ីល ដែល​បញ្ជាក់​ថា ​រាល់​អ្នក​ដំណើរ​ទាំង​អស់ មក​ពី​ចក្រ​ភព​អង់គ្លេស អាហ្វ្រិក​ខាង​ត្បូង ឬឥណ្ឌា មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​នេះ​ឡើយ ក្នុង​អំឡុងរយៈ​ពេល​១៤​ថ្ងៃ លុះ​ត្រា​តែ​ពួក​គេ​​ប្រជា​ជន​ប្រេស៊ីល ឬជា​ប្រជា​ជន​រស់​នៅ​ជា​អចិន្ត្រៃយ៍​។ បទ​បញ្ជា​នានា ត្រូវ​បាន​អនុ​វត្ត​ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​រាត​ត្បាត​នៃ​វីរុស​កូវីដ ១៩ ដែល​បាន​សម្លាប់មនុស្ស​ច្រើន​ជាង​៥៨ម៉ឺន​នាក់​ក្នុង​ប្រទេស​ប្រេស៊ីល​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia