បរទេស៖ ខ្សែម្រើ Serge Gnabry បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានរកឃើញទម្រង់លេងដ៏មុតស្រួចរបស់ខ្លួន ដើម្បីលត់ក្រុមជម្រើសជាតិអាមេនី យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ កាលពីថ្ងៃអាទិត្យ និងដើម្បីឡើងឈរលើកំពូលតារាងនៃពូល J ក្នុងការប្រកួតជម្រុះ World Cup ដោយមាន១២ពិន្ទុពីការប្រកួត៥ប្រកួត។
ក្រោយពីតំបន់ប្រយុទ្ធរបស់អាល្លឺម៉ង់ ហាក់មិនបានបង្ហាញពីភាពមុតស្រួច ក្នុងពេលយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិលិចតិនស្តាញ ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-០ កាលពីថ្ងៃព្រហស្បតិ៍ Gnabry បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងរយៈពេល១៥នាទីដំបូង ហើយ Marco Reus និង Timo Werner សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា នៅមុនពេលបញ្ចប់តង់ទី១ ខណៈដែលពួកគេបានទម្លុះតំបន់ការពាររបស់អាមេរិក យ៉ាងងាយ ជាមួយនឹងការបញ្ជូនបាល់ និងការបណ្តើរបាល់ប្រកបដោយភាពឆ្លាតវៃ។
Jonas Hofmann បានបន្ថែមគ្រាប់បាល់ទី៥ ក្រោយពីចូលលេងក្នុងតង់ទី២ ហើយកីឡាករបម្រុង Karim Adeyemi បានរកគ្រាប់បាល់បន្ថែម១គ្រាប់ទៀតក្នុងថ្ងៃនៃការបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់គេ ដើម្បីជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះ ៦-០ នៅជិតបញ្ចប់ការប្រកួត។
ស្របពេលជាមួយគ្នានេះ អង់គ្លេស បានអបអរការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Wembley ជាលើកដំបូង បើគិតចាប់តាំងពីការប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ វគ្គផ្តាច់ព្រ័ត្រ តាមរយៈការផ្តួលអង់ដូរ៉ា ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាកំណត់ត្រាយ៉ាងល្អឥតខ្ចោះរបស់ពួកគេក្នុជម្រុះ World Cup៕
ប្រភពព័ត៌មាន៖ Reuters