បរទេស៖ ខ្សែបម្រើ Serge Gnabry បានរកគ្រាប់អន្តរជាតិទី៣របស់គេ ក្នុងរយៈពេល៣ថ្ងៃ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានលត់ក្រុមជម្រើសជាតិអ៊ីស្លង់ យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ក្នុងទីក្រុង Reykjavik កាលពីថ្ងៃពុធ ដើម្បីដណ្តើមបានលេខ១លើកំពូលតារាងនៃពូលក្នុងការប្រកួតជម្រុះ World Cup របស់ពួកគេ។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ លេងបានយ៉ាងល្អនៅពីមុខអ្នកគាំទ្រចំនួន៣៦០០នាក់ នៅកីឡដ្ឋាន Laugardalsvollur ក្រោយពីរកបានគ្រាប់បាល់បាល់ស៊ុតបញ្ចូលទីនៅតង់ទី១ ពីសំណាក់ Gnabry និង Antonio Ruediger ស្របពេលដែល Leroy Sane បានបន្ថែមគ្រាប់បាល់ទី៣។ កីឡាករ Leon Goretzka ក៏បានស៊ុតបញ្ចូលទីផងដែរ ប៉ុន្តែ មិនត្រូវបានយកជាផ្លូវការ ស្របពេលដែលខ្សែប្រយុទ្ធ Timo Werner និង Kai Havertz សុទ្ធសឹងបានខ្ជះខ្ជាយឱកាសជាច្រើនដូចគ្នា។ Werner បានស្តារមុខមាត់វិញ តាមរយៈការរកគ្រាប់បាល់ទី៤របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់។
Gnabry ក៏បានស៊ុតបាល់បញ្ចូលទី២គ្រាប់ផងដែរ ក្នុងពេលក្រុមរបស់គេបានយកឈ្នះលើក្រុមជម្រើសជាតិអាមេនី ក្នុងលទ្ធផល ៦-០ កាលពីថ្ងៃអាទិត្យ ក្នុងទីក្រុង Stuttgart ហើយបច្ចុប្បន្ន រូបគេបានស៊ុតបាល់បញ្ចូលទី១៩គ្រាប់ហើយ ក្នុងការប្រកួត២៩លើក។ អាល្លឺម៉ង់ បានឈ្នះការប្រកួតជម្រុះ៣លើករបស់ពួកគេ កាលពីសប្តា៍មុន ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី Hansi Flick ដោយបានស៊ុតបាល់បញ្ចូលទី១២គ្រាប់ និងរបូតសូម្បីតែ១គ្រាប់ ហើយបច្ចុប្បន្នពួកគេកំពុងតែនាំមុខ៤ពិន្ទុក្នុងពូល J ក្រោយពីបានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ កាលពីខែកញ្ញា៕
ប្រភពព័ត៌មាន៖ Channel News Asia