ខ្សែការពារ Gerard Pique បានរកគ្រាប់បាល់បញ្ចូលទី១គ្រាប់នៅជិតបញ្ចប់ការប្រកួត ដើម្បីដណ្តើមបានលទ្ធផលស្មើ ១-១ សម្រាប់ក្រុមកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ La Liga គឺ Barcelona នៅលើទឹកដីក្រុមស្ថិតក្នុងទីក្រុងតែមួយ Espanyol កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានរក្សាការមិនស្គាល់ចាញ់សោះក្នុងយុទ្ធនាការមកទល់ពេលនេះ។
ក្រុមរបស់លោក Ernesto Valverde ហាក់ស្ថិតក្នុងគ្រោះថ្នាក់នៃការរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌលីកជាលើកទី១របស់ពួកគេនៅរដូវកាលនេះទៅហើយ នៅពេលដែលកីឡាករ Gerard Moreno បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខនៅតង់ទី២ ប៉ុន្តែ ខ្សែការពារកណ្តាល Pique បានទទួលបាល់ពីការបញ្ជូនរបស់ខ្សែប្រយុទ្ធ Lionel Messi ដើម្បីតែតបាល់បញ្ចូលទីតាមស្មើនៅនាទី ទី៨២តែម្តង។
បច្ចុប្បន្នក្រុម Barcelona កំពុងតែនាំមុខ៩ពិន្ទុនៅលើកំពូលតារាង លើក្រុមឈរលេខ២ Atletico Madrid ដែលបានយកឈ្នះលើក្រុម Valencia ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យដូចគ្នានោះ។
ការប្រកួតនេះ ត្រូវបានលេងក្រោមដំណក់ទឹកភ្លៀង ហើយលោក Valverde បានធ្វើការរិះគន់ទៅលើទីលានប្រកួតប្រកបដោយគ្រោះថ្នាក់។ គ្រូបង្វឹករបស់ក្រុម Barcelona រូបនេះបានឲ្យដឹងថា៖ «ទោះបីវាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ប៉ុន្តែយើងបានគិតថា ទីលាននេះ នឹងរក្សាស្ថានភាពបានល្អ ប៉ុន្តែបន្ទាប់មកយើងបានឃើញថា ស្មៅលើទីលានមិនបានស៊ូទ្រនឹងទឹកភ្លៀងបានឡើយ ហើយទីលាននេះ បានផ្តល់នូវគ្រោះថ្នាក់»៕
ប្រភពព័ត៌មាន៖ Channel News Asia
Via :cambosport