បរទេស៖ ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ក្នុង​១​ប្រកួត ឬ ហាតទ្រីក ជាលើក​ទី​៥៨ ពី​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ជួយ​​​ឲ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ លត់​ក្រុម​ជម្រើស​ជាតិ​លុច​សំបួរ​យ៉ាង​ចាស់ដៃក្នុងលទ្ធផល ៥-០ ក្នុងការ​ប្រកួត​ជម្រុះ World Cup ពូល A កាលពីថ្ងៃ​អង្គារ​។​

ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៣​គ្រាប់​នេះ ដែល​បាន​ធ្វើ​ឲ្យ Ronaldo ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុងការ​ធ្វើ​បាន ហាតទ្រីក ១០​លើក​ក្នុងការ​ប្រកួត​កម្រិត​អន្តរ​ជាតិ ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​ជាអន្តរ​ជាតិ​របស់គេកើន​ដល់​១៨២​គ្រាប់ ខណៈ​ដែល​រូប​គេ​បន្ត​បន្ថែម​ការ​នាំមុខ​លើ​តារាង​អ្នក​រក​បាន​គ្រាប់បាល់​អន្តរ​ជាតិច្រើន​ជាង​គេ​។ ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​ដេញតាមត្រឹម​តែ​១ពិន្ទុ​គត់ពីក្រោយ​ក្រុមឈរលេខ​១ ស៊ែ​ប៊ី ដែល​​មាន​១៧ពិន្ទុ ក្រោយពីបានយកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អា​ស៊ែ​បៃ​ហ្សង់ ក្នុងលទ្ធផល ៣-១ ខណៈ​ដែលនៅ​សល់១​ប្រកួត​ក្នុង​ដៃ​។

នៅ​ខែក្រោយ ក្រុម​ព័រ​ទុយ​ហ្គាល់​របស់​លោក Fernando Santos នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អៀរ​ឡង់ នៅមុន​ពេលធ្វើ​ជាម្ចាស់ផ្ទះ ទទួលក្រុម​ស៊ែប៊ី ក្នុង​ការ​ប្រកួត​ដែល​ត្រូវ​តែ​ឈ្នះ​ជា​ដាច់​ខាត ដើម្បី​ឈ្នះកៅអី​ទៅលេងក្នុង World Cup ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា៕

ប្រភព​ព័ត៌​មាន៖ Daily Mail