ម្ចាស់​ផ្ទះ​វៀតណាម បាន​បញ្ជាក់ពី​គោលជំហរ​របស់​ខ្លួន​ច្បាស់​ហើយ​ថា នឹង​រៀបចំការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ ហើយ​ការអះអាង​នេះ បាន​ធ្វើ​ឡើង​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ស្របពេល​ដល់​ថ្ងៃ​ឱសានវាទ គឺ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដែល​វៀតណាម ត្រូវ​បញ្ជាក់​ឱ្យ​បាន​ច្បាស់ថា នឹងរៀបចំស៊ីហ្គេម ឬក៏អត់? ព្រោះ​បើវៀតណាម មិនធ្វើទេ គេនឹងលុបស៊ីហ្គេម លើកទី៣១ នេះចោល ជា​ប្រវត្តិសាស្ដ្រតែម្ដង។

ជុំវិញ​បញ្ហា​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) ដែល​ជា​អ្នក​ចូល​រួម ក្នុង​កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ តំណាង​ឱ្យ​កម្ពុជា បាន​ថ្លែង​ថា៖ «គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានអះអាងថា ស៊ីហ្គេម លើក​ទី៣១ នឹងត្រូវធ្វើនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ ប៉ុន្ដែមិនទាន់ប្រាកដថ្ងៃនោះទេ គ្រាន់​តែ​ប្ដេជ្ញានឹងធ្វើឱ្យ​បាន នៅពាក់កណ្ដាលខែឧសភា។ ចំពោះពេលវេលាច្បាស់លាស់ វៀតណាម នឹង​ផ្ដល់​លិខិតផ្លូវការដល់បណ្ដាប្រទេសសមាជិក ក្នុងពេលឆាប់ៗនេះ»។

ជាមួយ​គ្នា​នេះ កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក៏បានពិភាក្សា និង​គាំទ្រ​កម្ពុជា ក្នុងការធ្វើជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផងដែរ ដើម្បី​កម្ពុជា​ មានសិទ្ធគ្រប់គ្រាន់ ក្នុងការអនុវត្តការងារបច្ចេកទេសផ្សេងៗ ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពី​ប្រទេស​វៀតណាម។

«ដោយសារ​កម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម​ដែរ គេ​នឹង​ឱ្យ​កម្ពុជា​ធ្វើ​ជា​សហ​ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ នៅ​ក្នុងខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​ឱ្យ​កម្ពុជា​បាន​បន្ដ​ការ​ងារ​របស់​ខ្លួន ដោយ​ផ្លូវការ ពេញសិទ្ធ និង​ពេញ​លក្ខ​ខណ្ឌ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ដ្រ​របស់​ខ្លួន នា​ឆ្នាំ២០២៣»។

នេះជា​ការ​បញ្ជាក់​​របស់​រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខា​ធិការ​គណៈ​កម្មា​ធិការជាតិ CAMSOC លោក វ៉ាត់ ចំរើន ហើយ​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ទាំងការ​​ប្ដេជ្ញា​ចិត្ត​រៀបចំ​ស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ​២០២២ របស់​ភាគី​វៀត​ណាម ក៏ដូចជាការឱ្យ​កម្ពុជា ធ្វើជា​សហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្ដាប្រទេសអាស៊ាន គ្រាន់​តែការ​ធ្វើ​សហប្រធាន​នេះ ត្រូវ​រង់​ចាំ​ការ​សម្រេច​ផ្លូវ​ការ​របស់​ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាខែធ្នូខាងមុខ ដែល​គេ​នឹង​អនុម័ត​ផ្ដល់​សិទ្ធ​ដល់​កម្ពុជា៕