ក្រុមស.ស.យ.កខេត្តបាត់ដំបង ក្រុមមន្ទីរអយកខេត្តត្បូងឃ្មុំ ក្រុមខេត្តបន្ទាយមានជ័យ និងក្រុមកោះកុងអេហ្វស៊ី ដែលទើបឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតថ្នាក់ខេត្តពានរង្វាន់សម្តេចហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ នោះ នឹងត្រូវប្រកួតគ្នា នៅរសៀលម៉ោង៣ ថ្ងៃពុធនេះ ដើម្បីរកក្រុម ដែលឈានឡើងចទៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះកៅអី សម្រាប់ឡើងទៅប្រកួតថ្នាក់ជាតិ ជាបន្តទៀត។
ក្រុមស.ស.យ.កខេត្តបាត់ដំបង និងក្រុមមន្ទីរអយកខេត្តត្បូងឃ្មុំ នឹងត្រូវប្រកួតគ្នា នៅកីឡដ្ឋានព្រីសន៍ នារសៀលម៉ោង ៣ ថ្ងៃពុធនេះ ហើយការជួបគ្នារវាងក្រុមទាំង២នេះ ត្រូវបានគេមើលឃើញថា អាចនឹងមានភាពតានតឹងខ្លាំង ព្រោះក្រុមទាំង២នេះ សុទ្ធមានកម្រិតលេខល្អ និងធ្វើបានល្អ ខណៈការប្រកួតវគ្គជម្រុះ៨ក្រុម កន្លងមកនេះ ក្រុមខេត្តបាត់ដំបង បានលត់ក្រុមខេត្តកណ្តាល ៧-១ ហើយខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមខ្លាំង ភ្នំពេញហ្គាឡាក់ស៊ី ២-០។
ដោយឡែកក្រុមខេត្តបន្ទាយមានជ័យ ត្រូវប្រឈមជាមួយក្រុមកោះកុងអេហ្វស៊ី នៅកីឡដ្ឋានអេអ៊ីយូស្ពតផាក នារសៀលម៉ោង ៣ ថ្ងៃនេះដូចគ្នា ហើយជំនួបនេះ អ្នកគាំទ្រ ហាក់ផ្តល់ទំនុកចិត្តខ្ពស់ទៅលើក្រុមមកដែនសមុទ្រ កោះកុងអេហ្វស៊ី ព្រោះក្រុមនេះ មានការរៀបចំកាន់តែល្អ និងលេងកាន់តែល្អ។
ការទម្លាក់ក្រុមខេត្តកំពង់ឆ្នាំង ជាមួយការយកឈ្នះ ៩-១ ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយ កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា ក្រុមដែលដឹកនាំដោយលោកគ្រូ ហុក សុជីវ័ន កោះកុងអេហ្វស៊ី ពិតជាមានទម្រង់លេងល្អ ហើយអាចនឹងបន្តយកឈ្នះក្រុមខេត្តបន្ទាយមានជ័យ ដែលបានឡើងមកដល់វគ្គនេះ តាមរយៈការយកឈ្នះក្រុមសៀមរាបអេហ្វស៊ី ត្រឹម ១-០។
តែទោះបីជាយ៉ាងណា លទ្ធផលជាក់ស្តែងទៅជាយ៉ាងណានោះ នៅមិនទាន់អាចកំណត់បាន នៅឡើយទេ ខណៈក្រុម ដែលឈ្នះ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ មិនត្រឹមតែបានឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឈ្នះកៅអីដោយស្វ័យប្រវត្តិ សម្រាប់ចូលប្រកួតថ្នាកជាតិ ជាមួយក្រុមលីគកំពូលកម្ពុជា ទាំង១៣ ផងដែរ ចំណែកក្រុមលេខ៣ នៅថ្នាក់ខេត្តនេះ ក៏បានឡើងទៅប្រកួតថ្នាក់ជាតិ ផងដែរ៕