អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានប្រាប់ទៅកូនក្រុមរបស់ខ្លួន ដែលទើបបានចាញ់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ៤-០ កាលពីថ្ងៃអង្គារ ត្រូវព្យាយាមកែតម្រូវការលេងឱ្យបានល្អថែមទៀត ព្រោះពេលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ គឺក្រុមកម្ពុជា នឹងត្រូវលេងជាមួយក្រុម ដែលមានកម្រិតស្មើក្រុមជប៉ុន។
តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Keisuke Honda បាននិយាយ នៅថ្ងៃពុធនេះថា៖ «ពួកយើងទាំងអស់គ្នា វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ ព្រោះពួកយើង បានបង្ហាញទៅពួកគេ ពីការលេងល្អខ្លះហើយ ប៉ុន្តែពួកយើង ត្រូវតែកែតម្រូវការលេងរបស់យើងជាច្រើនទៀត ដោយសារពួកយើង ត្រូវលេងជាមួយក្រុម ដែលមានកម្រិតស្មើជប៉ុន នៅឆ្នាំ២០២៣»។
វីរបុរសបាល់ទាត់របស់ជប៉ុន លោក Keisuke Honda បាននិយាយបន្ថែម ផ្តោតទៅដល់ការត្រៀមខ្លួន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ទៀតថា៖ «យើងមានពេលវេលាតែមួយឆ្នាំជាងទៀតទេ ដូច្នេះយើងមិនមានពេលច្រើនទេ។ ហេតុនេះទាំងផ្នែកកលល្បិច(Tactics) ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទា គឺអ្នកទាំងអស់គ្នា ត្រូវមានភាពស្រេកឃ្លាន ចង់រីកចម្រើននូវសមត្ថភាព នៃផ្នែកទាំងនេះ ជារៀងរាល់ថ្ងៃ»។
សម្រាប់ការប្រកួតជម្រុះតាមពូល K ទាំង២លើក នៃពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន ដែលទើបបានបញ្ចប់ កាលពីថ្ងៃអង្គារ កន្លងមកនេះ ក្រុមU23កម្ពុជា បានយកឈ្នះក្រុម U23ហុងកុង ៤-២ តែបានចាញ់ក្រុមម្ចាស់ផ្ទះ ជប៉ុន ៤-០ កាលពីថ្ងៃអង្គារ។
តាមរយៈលទ្ធផលនៃការប្រកួតនេះ ក្រុមកម្ពុជា បានធ្លាក់ពីលេខ១ មកឈរនៅលេខ២វិញ ដោយមាន៣ពិន្ទុស្មើជាមួយក្រុមលេខ១ ជប៉ុន ដែលនៅសល់ការប្រកួត១លើកទៀត ជាមួយក្រុមហុងកុង នៅថ្ងៃទី២៨ ខែតុលានេះ ហើយកម្ពុជា ក៏កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងនាមជាក្រុមលេខ២ល្អ ដែលជាចំណាត់ថ្នាក់ អាចមានសិទ្ធិ បានឡើងទៅប្រកួតវគ្គបន្តផងដែរ ប៉ុន្តែអ្វីៗ អាចនឹងមានការប្រែប្រួល តាមរយៈការប្រកួតរវាងក្រុមជប៉ុន និងហុងកុង ព្រោះទាំងការជម្រុះតាមពូលចំនួន៩ទៀត ដែលនៅមិនទាន់ បានបញ្ចប់ នៅឡើយទេ ខណៈពូលខ្លះ ក៏មិនបានបានចាប់ផ្តើមប្រកួត ផងដែរ៕