បរទេស៖ ក្លិប Newcastle កំពុងតែសង្ឃឹមថា នឹងអាចតែងតាំងលោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្លិប Villarreal ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ នៅចុងសប្តាហ៍នេះ។
នេះបើយោងទៅតាមការចេញផ្សាយព័ត៌មានជាច្រើនកាលពីថ្ងៃអង្គារ។ អតីតអ្នកចាត់ការទូទៅរបស់ក្លិប Arsenal រូបនេះ បានបង្ហាញខ្លួនក្នុងពេលដឹកនាំក្រុម Villarreal សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុមរបស់ស្វ៊ីស Young Boys កាលពីថ្ងៃអង្គារ។ បណ្តាញសារព័ត៌មាន BBC បានបញ្ជាក់ថា ក្លិប Newcastle មានបំណងចង់នាំយកលោក Emery ក្នុងពេលដែលពួកគេធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Brighton នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ កិច្ចព្រមព្រៀងទៅលើសំណង៦លានផោន (ស្មើនឹង៨លានដុល្លារអាមេរិក) កំពុងតែស្ថិតក្នុងការចរចា ដើម្បីធ្វើឲ្យលោក Emery រួចផុតពីកិច្ចសន្យានាពេលបច្ចុប្បន្នរបស់លោក។
ក្លិប Newcastle ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនមួយ ដែលដឹកនាំឲ្យមហាសេដ្ឋសញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត កាលពីខែមុន និងមានមហិច្ឆតាក្នុងការបង្កើតភាពជោគជ័យដូចក្លិប Manchester City, Paris Saint-Germain និង Chelsea ដែលសុទ្ធសឹងមានម្ចាស់កម្មសិទ្ធិជាសេដ្ឋីបរទេស។ ប៉ុន្តែ ទោះបីជាយ៉ាងណា គោលដៅជាចម្បងរបស់ក្រុមសារិកាព្រៃមួយនេះ គឺការគេចឲ្យផុតពីតំបន់គ្រោះថ្នាក់ក្នុងក្របខ័ណ្ឌ Premier League ជាមុនសិន៕
ប្រភពព័ត៌មាន៖ Channel News Asia