ក្លិប​បាល់​ទាត់អគ្គិសនី​កម្ពុជា ដែល​កំពុងមានវត្តមាន​លេង នៅលីគ​កំពូល​កម្ពុជា ​បាន​សេចក្តី​ជូនដំណឹង​ជា​សាធារណៈ ដោយ​បញ្ជាក់ថា ក្លិបនេះ នឹង​បើក​បង្ហាត់​បង្រៀន​ដោយ​ឥតគិត​ថ្លៃ ដល់ប្អូន​ៗ​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ បន្ថែម​ទៀត សម្រាប់​ឆ្នាំ​២០២១​នេះ។

តាម​ការ​ជូនដំណឹងដដែលនេះ បាន​ឱ្យ​ដឹង​ទៀត​ថា ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជា នឹង​បើក​ទទួលពាក្យ​ស្នើសុំ​ហ្វឹក​ហាត់ សម្រាប់យុវជន ដែលបាន​ដាក់ពាក្យ​ចំនួន​៣០០នាក់ដំបូង​គេ​ប៉ុណ្ណោះ  ហើយ​យុវជន ដែលមានសមត្ថ​ភាព និងទេពកោសល្យ ក្នុង​ចំណោម​យុវជន ដែល​បានដាក់ពាក្យ​ចំនួន​៣០០​នាក់ នឹង​ក្លាយ​ជា​យុវជន​ថ្នាល សម្រាប់ក្លិប​មួយនេះ ព្រមទាំង​មាន​ឱកាស បានចូល​រួមការ​ប្រកួត​ពាន​រង្វាន់​ថ្នាក់យុវជន និងពាន​រង្វាន់​ថ្នាក់ជាតិ នានា។

ជុំ​វិញការ​បើកឱកាស​មានឱកាស​សម្រាប់​យុវជន បាន​ហ្វឹកហាត់បាល់​ទាត់ ដោយ​មិនគិត​ថ្លៃ​នេះ ក្លិប​បាល់ទាត់ ដែល​មានគោលការណ៍​ប្រើ​ប្រាស់តែ​កីឡាករ​ខ្មែរ​សុទ្ធ អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា គឺ​ដើម្បី​ចូល​រួម​អភិវឌ្ឍ​វិស័យ​កីឡា​បាល់​ទាត់ នៅ​ក្នុងព្រះរាជណាចក្រ​កម្ពុជា ឱ្យមាន​ការ​​រីក​ចម្រើន ទៅ​ពេលអនាគត។

យ៉ាងណាក៏​ដោយ សម្រាប់យុវជន ដែលមានបំណង​ដាក់ពាក្យ​ចូល​រួម​ហ្វឹកហាត់នេះ ក៏ត្រូវ​ធ្វើ​ទៅតាម​លក្ខខណ្ឌ​របស់​ក្លិបអគ្គិសនីកម្ពុជា ផងដែរ គឺ​អ្នកនោះ ត្រូវតែ​ជា​យុវជន​ខ្មែរ មាន​អាយុ​ក្រោម​១៥​ឆ្នាំ មានកាយ​សម្បទាមាំមួន (មានកម្ពស់​ចាប់ពី​ ១,៧០ម៉ែត្រ ឡើង​ទៅ មាន​អាទិភាពខ្ពស់) ហើយ​អ្នកទាំង​នោះ ត្រូវតែ​ជា​អ្នក​មាន​ទីលំនៅបច្ចុប្បន្ន នៅ​​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និងខេត្តកំពង់ស្ពឺ៕