ក្រុមភ្នំពេញក្រោន វិសាខា និងព្រះខ័នរាជស្វាយរៀង សុទ្ធតែរកបានជ័យជម្នះ នៅលើទឹកដីរបស់ខ្លួន ដើម្បីទម្លាក់ក្រុមមកពីខេត្ត ក្នុងការប្រកួតបើកឆាកវគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់សមម្តេច ហ៊ុន សែន (ថ្នាក់ជាតិ) លើកទី ១៥ ឆ្នាំ ២០២១ កាលពីថ្ងៃពុធ ប៉ុន្តែភាពល្អឯករបស់ អ្នកចាំទីក្រុមណាហ្គាវើលដ៍ ស៊ូ យ៉ាទី បានធ្វើឱ្យក្រុមនគរបាលជាតិ (ប៉ូលិស) ក្លាយជាក្រុមលីគ ដំបូងគេ ដែលបានធ្លាក់ចេញពីការប្រកួតពាននេះមុនគេ។
តាមរយៈការប្រកួត នៅលើទីលានផ្សេងៗគ្នា កាលពីម្សិលមិញនេះ ក្រុមវិសាខា រកបានគ្រាប់បាល់បានច្រើនជាងគេ ដោយពួកគេ បានយកឈ្នះលេខ ៣ ថ្នាក់ខេត្ត ខេត្តបន្ទាយមានជ័យ រហូតដល់ ៨-០ រីឯ ភ្នំពេញក្រោន បានយកឈ្នះក្រុមលេខ ២ ថ្នាក់ខេត្ត ខេត្តត្បូងឃ្មុំ ៧-០ ហើយក្រុមស្វាយរៀង បានឈ្នះក្រុមម្ចាស់ពានថ្នាក់ខេត្ត កោះកុងអេហ្វស៊ី ៦-១។
ជាមួយលទ្ធផលដ៏ល្អនេះ ខ្សែប្រយុទ្ធ កែវ សុខផេង ដែលបានដាក់ឱ្យលេង ក្នុងនាមជាកីឡាករបម្រុងរបស់ក្រុមវិសាខា និងខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា របស់ក្រុមភ្នំពេញក្រោន សុទ្ធតែរកបាន ៣ គ្រាប់ដូចគ្នា ហើយ ឃៀង ម៉េងហួរ, ម៉ុន វ៉ានដា របស់ស្វាយរៀង ព្រមទាំងខ្សែការពារ អ៊ុក សុវណ្ណ របស់វិសាខា និង សំអុល ទីណា របស់ភ្នំពេញក្រោន រកបានម្នាក់ ២ គ្រាប់ ដូចគ្នា ក្នុងជ័យជម្នះដ៏រំភើបនេះ។
ផ្ទុយពីនេះក្រុមនគរបាលជាតិ (ប៉ូលិស) ដែលធ្លាប់ឈ្នះពាននេះ បានម្តង កាលពីឆ្នាំ២០១៤ គឺបានក្លាយជាក្រុមលីគកំពូលកម្ពុជា ដំបូងគេ ដែលបានធ្លាក់ចេញពីការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០២១នេះ មុនគេ បន្ទាប់ពីពួកគេ មិនអាចរក្សាការមានប្រៀបលើក្រុមណាហ្គាវើលដ៍ រហូតដល់ចប់ការប្រកួត រួចបានបន្តទៅចាញ់ ណាហ្គា ដោយការទាត់បាល់ប៉េណាល់ទី កាត់សេចក្តីនោះ។
តាមរយៈការប្រកួតយ៉ាងស្វិតស្វាញ កាលពីថ្ងៃពុធនោះ កីឡាករ សំ វ៉ាន់និត បានជួយឱ្យក្រុមប៉ូលិស នាំមុខ ១-០ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បានសម្រេចរបស់គេ នៅនាទីទី ៥៦ ប៉ុន្តែឱកាសទទួលបានជ័យជម្នះរបស់ពួកគេ បានផ្លាស់ប្តូរ នៅពេលខ្សែប្រយុទ្ធជើងចាស់ ឃីម បូរី ជួយឱ្យ ណាហ្គាវើលដ៍ ឱ្យតាមស្មើវិញ នៅនាទីទី ៨២ នោះ។
បន្ថែមទៅលើការបាត់បង់ឱកាស នៅក្នុងការប្រកួតពេញម៉ោង ដោយការស្មើគ្នា ១-១ នេះ ក្រុមប៉ូលិស បានជួបការខកចិត្តខ្លាំង នៅក្នុងការទាត់បាល់ប៉េណាល់ទី កាត់សេចក្តី ព្រោះភាពល្អឯក ក្នុងការជួយសង្រ្គោះគ្រាប់បាល់របស់អ្នកចាំទី ស៊ូ យ៉ាទី ពីការស៊ុតរបស់ សាយ ពិសដ្ឋ និង នួន បូរី បានធ្វើឱ្យក្រុមប៉ូលិស ចាញ់ក្រុមណាហ្គាវើលដ៍ ៤-២ នៅក្នុងដំណាក់កាលដ៏រន្ធត់នេះ។
ជាមួយលទ្ធផលនេះ ក្រុមភ្នំពេញក្រោន វិសាខា ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ ត្រូវឡើងទៅកាន់ការប្រកួតវគ្គ៨ក្រុម ឬវគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយត្រូវរង់ចាំការប្រកួតរវាងក្រុមចំនួន៨ទៀត ដែលត្រូវធ្វើនៅថ្ងៃពុធនេះ ដើម្បីរកក្រុមឈ្នះចំនួន៤ទៀត ឡើងមកកាន់ការប្រកួតវគ្គ៨ក្រុមនេះដែរ៕






