បរទេស៖ ក្លិប Aston Villa កំពុងតែពោរពេញដោយការជឿជាក់ ក្នុងការតែងតាំងលោក Steven Gerrard ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្នុងកិច្ចសន្យារយៈពេលវែង ខណៈដែលការប្រកាសតែងតាំងនេះអាចនឹងកើតឡើងនៅចុងសប្តាហ៍នេះ។
បើទោះបីមិនមានអ្វីត្រូវបានប្រកាសជាសាធារណៈពីក្លិបណាមួយក៏ដោយ ប៉ុន្តែ ក្លិប Rangers បានត្រៀមខ្លួនរួចរាល់ក្នុងការបាត់បង់លោក Gerrard ដែលពួកគេបានជួលកាលពីរដូវក្តៅ ឆ្នាំ២០១៨។ Aston Villa ដែលបានបណ្តេញលោក Dean Smith កាលពីថ្ងៃអាទិត្យ បានចាត់ទុកលោក Gerrard ជាគោលដៅទី១ភ្លាមៗ។ លោក Gerrard មានទំនាក់ទំនងយ៉ាងល្អជាមួយនឹងលោក Christian Purslow ដែលជាប្រធានក្លិប Aston Villa ដោយសារតែលោក Purslow ធ្លាប់ជានយករបស់ក្លិប Liverpool។ សំណងទៅឲ្យក្លិប Rangers ត្រូវបានគេរំពឹងទុកថា នឹងមានចំនួន៣លានផោន ដែលមិនមែនជាបញ្ហាចោទឡើយ។

លោក Gerrard និងបុគ្គលិកគ្រូបង្វឹករបស់លលោក ជាប់កិច្ចសន្យាជាមួយនឹងក្លិប Rangers រហូតដល់ឆ្នាំ២០២៤ ប៉ុន្តែ មានការរំពឹងទុកថា គ្រូបង្វឹករូបនេះ អាចនឹងចាប់អារម្មណ៍លើតួនាទីជាអ្នកចាត់ការទូទៅ នៅក្នុងក្របខ័ណ្ឌ Premier League។ រូបភាពនានា ដែលត្រូវបានបង្ហោះលើបណ្តញសង្គមកាលពីថ្ងៃពុធ ហាក់បង្ហាញថា លោក Gerrard បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ ដោយរថភ្លើង ហើយ៕
ប្រភពព័ត៌មាន៖ The Guardian

