បរទេស៖ ខ្សែប្រយុទ្ធ Harry Kane បានកោតសរសើរ «ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស» ក្រោយពីពួកគេបានកក់កៅអីរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយ ក្រោយពីបានលត់ក្រុមបាល់ទាត់ជម្រើសជាតិសាំងម៉ារ៉ាំងយ៉ាងចាស់ដៃក្នុងលទ្ធផល ១០-០ កាលពីថ្ងៃចន្ទ។
ប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស Kane បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ នៅតង់ទី១ ក្រោយពីការរកបានគ្រាប់បាល់បើកឆាករបស់ខ្សែការពារ Harry Maguire និងការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Filippo Fabbri។ កីឡាករ Emile Smith, Tyrone Mings, Tammy Abraham និង Bukayo Saka បានបំពេញជ័យជម្នះដ៏ធំនេះ ក្រោយពីពីសម្រាកតង់ទី១ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេស បានបញ្ចប់ដោយស្ថិតនៅលើកំពូលតារាងនៃពូល I ដើម្បីឈ្នះកៅអីរបស់ពួកគេក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនៅប្រទេសកាតា ក្នុងរយៈពេល១២ខែទៀត។
នេះគឺជាជ័យជម្នះជាកំណត់ត្រារបស់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតអន្តរជាតិ ហើយ Kane ពិតជារីករាយណាស់ជាមួយនឹងសមិទ្ធផលដែលក្រុមរបស់លោក Gareth Southgate ធ្វើបានសម្រេចគោលដៅឆ្លងផុតវគ្គជម្រុះរបស់ពួកគេ។ Kane បានប្រាប់ទូរទស្សន៍ ITV ថា៖ «យើងពិតជាលេងបានយ៉ាងអស្ចារ្យ។ យើងត្រូវលេងរហូតដល់ការប្រកួតចុងក្រោយ ហើយយើងត្រូវបានរំពឹងទុកថា នឹងឈ្នះ ប៉ុន្តែ យើងបានធ្វើការងារដ៏ល្អ។ ពិតជាអស្ចារ្យណាស់ដែលបានទៅវគ្គបន្ត»៕
ប្រភពព័ត៌មាន៖ Channel News Asia