កម្មវិធី ឬពិធីធំៗចំនួន៣ ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOCសម្រេចរួចហើយថា នឹងត្រូវធ្វើរួមគ្នា នៅពហុកីឡដ្ឋានជាតិមរតតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីបញ្ជាក់ពីកំណត់ត្រាជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងការឈានទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខណៈពិធីដ៏ធំទាំង៣នេះ មានការចូលរួមដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនតំណាងឱ្យរដ្ឋាភិបាលចិន និងមន្រ្តីរាជការ មន្រ្តីកីឡា ក្រុមកីឡា ក្រុមសិល្បៈ និងមហាជន ជាច្រើនទៀត ផងដែរ។
«ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន យើងគ្រោងនឹងរៀបចំកម្មវិធី៣បញ្ជូលគ្នា គឺ ទី១ ការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានជាតិមរតកតេជោ ទី២ ពិធីអបអរសាទរការរាប់ថយក្រោយ ៥០០ថ្ងៃ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងទី៣ ការប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា»។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC នៅក្រោយកិច្ចប្រជុំ កាលពីថ្ងៃអង្គារម្សិលមិញ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖«ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ការផ្សព្វផ្សាយនឹងត្រូវចាប់ផ្តើម ដោយត្រូវរួមគ្នាគ្រប់សមាសភាពក្រសួង ស្ថាប័ន បូករួមជាមួយការងារបរទេស ការងារកីឡា ការទូតក្រៅប្រទេស ក៏នឹងត្រូវផ្គុំគ្នាក្នុងសំឡេងតែមួយ ជួយគាំទ្រ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ហើយទាំងអស់នេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី សម្រាប់ការកត់ត្រាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ផង និងជាកំណត់ត្រាមួយប្រចាំឱ្យប្រវត្តិក្នុងការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោផង»។
នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមវត្តមានរបស់លោកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានោះ បានឱ្យដឹងទៀតថា នៅក្នុងកម្មវិធីដ៏ធំ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ក៏មានកម្មវិធីជាច្រើនទៀត ដូចជាការកាត់ខ្សែបូរសម្ពោធ ការបង្ហាញកីឡា ការសម្តែងសិល្បៈវប្បធម៌ បង្ហាញអំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន និងមានបទចម្រៀងក្នុងកម្មវិធីអបអរនេះផងដែរ។
ជាមួយគ្នានោះលោកបណ្ឌិត ថោង ខុន បានឯកភាពនូវគម្រោងមនុស្ស សម្រាប់ការចូលរួមក្នុងកម្មវិធី នៅថ្ងៃទី១៨ ខែធ្នូនេះ ចំនួន ១៥០០០នាក់ ដោយដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ១៩ ហើយក្នុងចំនួននេះ គឺមានជាង ១,០០០នាក់ ជាសិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនី ដែលត្រូវសម្តែងបង្ហាញ នៅលើទីលានបាល់ទាត់នៃវិមានកីឡដ្ឋាន ដោយទិដ្ឋភាពនេះ នឹងបង្ហាញចេញនូវភាពអស្ចារ្យ ជាពិសេស គឺការផ្សព្វផ្សាយដោយផ្ទាល់ពីបណ្តាញទូរទស្សន៍ទាំងអស់៕